ភ្នំពេញ ៖ នារីរូបស្រស់សោភា ជាអ្នករត់តុ ម្នាក់ ត្រូវប្រុសស្នេហ៍ដែលជាអ្នកធ្វើការ ជាមួយគ្នាច្របាច់កសម្លាប់ នៅក្នុងបន្ទប់ជួល រហូតដល់ហើមធុំក្លិនស្អុយ ទើបមានការ ភ្ញាក់ផ្អើល ខណៈម្តាយទូរស័ព្ទមករកកូន មិនចូលក៏បានធ្វើដំណើរមករកដល់បន្ទប់ស្នាក់នៅ ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីរសៀលថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៤ ម្សិលមុិញ នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្ទះលេខ២៣ ផ្លូវលេខ ២៨៧ ភូមិ១១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។
នារីរងគ្រោះឈ្មោះ សួន មករា អាយុ ២២ឆ្នាំ មុខរបរ បុគ្គលិក ហាងស៊ិកនេឈ័រ មានទីលំនៅ ភូមិតាមូវ ឃុំជើងកួន ស្រុកសំរោង ខេត្តតាកែវ ស្នាក់នៅបន្ទប់ជួល កើតហេតុខាងលើ ។
ចំណែកឃាតកចិត្តដាច់ ដៃឆៅ ឈ្មោះ ចាន់ ដាលីន ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរបុគ្គលិក ហាងស៊ិកនេឈ័រ ដូចគ្នា ហើយជាគូសង្សារនឹងគ្នាដែរ មានទីលំនៅ ផ្ទះលេខ២៨៦ ហ្ស៊ី ផ្លូវបេតុង ភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលពេលនេះបានរត់គេចខ្លួន បាត់ស្រមោល។
តាមស្ត្រីជាម្តាយនារីរងគ្រោះបានឱ្យដឹងថា ៖ កូនស្រីគាត់បានមកធ្វើការនៅហាងស៊ិកនេឈ័រ តាំងពីកំឡុងឆ្នាំ២០១៩ ហើយក៏ធ្លាប់ បាននាំមិត្តប្រុសទៅលេងស្រុកកំណើត ផងដែរ ។ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ គាត់ក៏បានទូរស័ព្ទមកកូន តែមិនចូលទោះបី មានការ ព្យាយាមខលម្ដងហើយម្ដងទៀត ក៏មិនចូលក៏មានមន្ទិលទើបគាត់ធ្វើដំណើរ មករក កូនដល់បន្ទប់ជួលឃើញចាក់សោ ពី ខាងក្រៅ ហៅក៏មិនឮ ក៏បានមើលតាម ប្រឡោះទ្វារ ឃើញកូនដេកគ្របភួយក៏បាន ប្រាប់អ្នកជិតខាងឱ្យយកដែកចងភ្ជាប់ដែកព្យួរខោអាវទាក់ភួយ ទាញចេញទើបឃើញ សពកូនស្រីហើមស្អុយទៅហើយ ។
តាមអ្នកធ្វើការជាមួយគ្នា និងស្នាក់នៅបន្ទប់ ជួលក្បែរគ្នាបានឱ្យដឹងថា ឃាតកនិងជនរងគ្រោះជាសង្សារនឹងគ្នា ហើយស្នាក់នៅ ធ្វើការជាមួយគ្នា ។ កន្លងមកគេតែងតែ ឮ សូរសំឡេង២នាក់សង្សារនេះ ឈ្លោះប្រកែកគ្នាជាញឹកញាប់។
នៅព្រឹកថ្ងៃ ទី២២ ខែមិថុនា ឆ្នាំ ២០២៤ ជនរងគ្រោះ និងជនសង្ស័យមិនបានមកធ្វើការទេ មិននឹកស្មានថាគេសម្លាប់គ្នាបែបនេះ តែគេពុំដឹងថាជនដៃដល់មានគំនុំ ឬ ខឹងសង្សារ ខ្លួនរឿងអ្វីនោះឡើយបានជាដាច់ចិត្ត ច្របាច់ក សម្លាប់នារីជាសង្សារ របស់ខ្លួន បែបនេះ ។
ពិតជាគួរឱ្យសោកស្តាយ មិនគួរមានកើតរឿងបែបនេះ ដោយសារការខឹង បាត់បង់ការពិចារណា បុណ្យបាប ទោសទណ្ឌ ៕
ដោយ ៖ សិលា