ទីក្រុងណារ៉ា៖ លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នាថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំ “The International Participants Meeting 2024 Summer (IPM 2024 Summer)” ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ISHIGE Hiroyuki អគ្គលេខាធិការនៃសមាគមជប៉ុនសម្រាប់ពិព័រណ៍ពិភពលោកឆ្នាំ ២០២៥ (Japan Association for the 2025 World Exposition) និងមានការចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់ លោកស្រី JIMI Hanako រដ្ឋមន្រ្តីសម្រាប់ពិព័រណ៍ពិភពលោក២០២៥, លោក HANEDA Koji អគ្គស្នងការទទួលបន្ទុកពិព័រណ៍ពិភពលោក ២០២៥ អូសាកា និង លោក DIMITRI Kerkentzes អគ្គលេខាធិការការិយាល័យពិព័រណ៍អន្តរជាតិ BIE (Bureau International des Expositions) ព្រមទាំងលោក លោកស្រី និងភ្ញៀវកិត្តិយស តំណាងឱ្យរដ្ឋាភិបាល និងអង្គការអន្តរជាតិ សរុបប្រមាណជិត ៦០០នាក់ មកពីប្រទេសជាង ១៦០ នៅមជ្ឈមណ្ឌលសន្និសីទខេត្តណារ៉ា ទីក្រុងណារ៉ា ប្រទេសជប៉ុន។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីតាមដានវឌ្ឍនភាពការងារនៃការរៀបចំពិព័រណ៍ពិភពលោក ២០២៥ អូសាកា និងផ្តល់ព័ត៌មានណែនាំអំពីដំណើរការរៀបចំរចនាពន្លាជាតិ គម្រោងរៀបចំទិវាជាតិនិងព្រឹត្តិការណ៍នានា ការប្រតិបត្តិក្នុងពេលដំណើរការពិព័រណ៍ ក៏ដូចជា កាលវិភាគពេលវេលាកំណត់សម្រាប់ការរៀបចំ និងការដាក់ពាក្យស្នើផ្សេងៗ។
ក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ លោករដ្ឋលេខាធិការ បានជួបពិភាក្សាការងារជាមួយ លោក MANABE Hideki អគ្គនាយករង នៃក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន និងលោក NOBUHIRO Masuda នាយកផ្នែកទំនាក់ទំនង និងជាអ្នកគ្រប់គ្រងទទួលន្ទុកប្រទេសកម្ពុជា (Liaison Director & Country Manager for Cambodia) ដើម្បីផ្តល់វឌ្ឍនភាពការងារនៃការរៀបចំពន្លាជាតិកម្ពុជា និងស្វែងយល់បន្ថែមអំពីការប្រព្រឹត្តទៅនៃការរៀបចំនានារបស់ពិព័រណ៍ពិភពលោក ២០២៥ អូសាកា៕
ដោយ៖តារា