ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអយ្យការសម្រេច ចោទប្រកាន់លើអ្នកបើកបររថយន្តម៉ាក HYUNDAI ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ នៅខណ្ឌជ្រោយចង្វារ

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានី
ភ្នំពេញ នាររសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់តំណាងអយ្យការ បានសម្រេចធ្វើការចោទប្រកាន់លើឈ្មោះ ឯក ដារ៉ា ភេទប្រុស កើតឆ្នាំ១៩៩៦ ដែលជាអ្នកបើកបររថយន្តម៉ាក HYUNDAI ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យអ្នកដទៃស្លាប់និងរបួស និងបទបើកបរក្រោមឥទ្ធិពលនៃ គ្រឿងញៀន តាមមាត្រា ៨៣មាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា ៦៣ នៃច្បាប់ស្តីពីការត្រួត ពិនិត្យគ្រឿងញៀន និងបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត តាមនីតិវិធី។

សូមរំលឹកថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០៩និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចំណុចស្តុបឡីខ្មែរ លើផ្លូវជាតិលេខ៦ ប្រសព្វផ្លូវសុវណ្ណមច្ឆា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បង្កឡើងដោយរថយន្តម៉ាក HYUNDAI ពណ៌ស+ខៀវ ពាក់ផ្លាកលេខ សៀមរាប 3A-1552 បើកបរក្នុងល្បឿនលឿនទៅបុកពីក្រោយម៉ូតូចំនួន០២គ្រឿង ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត 1U-3794និងម៉ាក HONDA CLICK ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1FZ-2899។ ករណីនេះ បណ្តាលឱ្យអ្នកបើកបរម៉ូតូឈ្មោះ សៀង សុវណ្ណតារា ភេទប្រុស អាយុ ២២ឆ្នាំ និងឈ្មោះ លឹម បោកលាង ភេទស្រី អាយុ៣១ឆ្នាំ រងរបួស ចំណែកឯអ្នករួមដំណើរឈ្មោះ វេង ស្រីស ភេទស្រី អាយុ២០ឆ្នាំ ស្លាប់ នៅកន្លែងកើតហេតុ។

បច្ចុប្បន្នជនត្រូវចោទ ត្រូវបានបញ្ជូនទៅកាន់ដំណាក់កាលចៅក្រមស៊ើបសួរបន្តអាចនឹងឃុំខ្លួននៅពន្ធនារគារជាបណ្ដោះអាសន្ន៕

ដោយ រ៉ារ៉ា


ចែករំលែក៖