ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន កោតសរសើរចៅប្រុស និងកូនខ្មែរដទៃទៀតដែលមានសមត្ថភាពអាចប្រឡងដណ្ដើមមេដាយ កម្រិតសកលនៅឌូបៃ

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមការឱ្យដឹងពីសម្ដេចតេជោ ហ៊ុន សែន នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នារាត្រីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កោតសរសើរចៅប្រុស និងកូនខ្មែរដទៃទៀតដែលមានសមត្ថភាព រៀនពូកែ អាចទៅចូលរួមប្រឡងប្រកួតប្រជែងដណ្ដើមមេដាយ កម្រិតសកល នៅឌូបៃ។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញមោទនភាព ចំពោះចៅប្រុសរបស់សម្ដេច ដែលត្រូវជាកូនប្រុសពៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺកុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ក្នុងការនាំយកមេដាយមាសកម្រិតសកលលើមុខវិជ្ជាគណិតវិទ្យា និងភាសាអង់គ្លេស។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «តាមិនខ្វល់ថាចៅប្រឡងបានចំណាត់ថ្នាក់បែបណានោះទេ តែតាពិតជាមានមោទនភាពតាំងពីជាងមួយខែមុនក្រោយបានទទួលដំណឹងថាចៅជាប់ចំណាត់ថ្នាក់ទៅប្រឡងកំរិតសកលនៅឌូបៃ»។

សម្ដេចតេជោ បានបន្ដថា«តាយាយញញឹមពេលចៅចេញដំណើរទៅ រីករាយនិងមើលរូបថតចៅកំពុងអង្គុយប្រឡង។ ពេលនេះតាយាយកាន់តែមានមោទនភាពដោយទទួលបានដំណឹងថាចៅបានទទួលមេដាយមាសរហូតពីរគ្រឿង មួយគ្រឿងសម្រាប់គណិតវិទ្យា និងមួយគ្រឿងទៀតសម្រាប់ភាសារអង់គ្លេស»។

ជាមួយនឹងលទ្ធផលនេះ សម្ដេចតេជោ បានមានប្រសាសន៍បន្ថែមដោយមោទនភាពថា «ចៅកំពុងរៀននៅថ្នាក់មតេយ្យនៅឡើយ តែចៅអាចប្រកួតប្រជែងកំរិតសកលទាំងភាសាអង់គ្លេសទាំងគណិតវិទ្យាថ្នាក់ទី១ជាមួយសិស្សពីប្រទេសផ្សេងទៀត»។ 

ទន្ទឹមនឹងនោះសម្ដេចតេជោ ក៏បានបង្ហាញមោទនភាពចំពោះកូនខ្មែរដទៃទៀតផងដែរ ដោយសម្ដេចមានប្រសាសន៍ថា «តាក៏មានមោទនភាពផងដែរចំពោះចៅៗកូនខ្មែរដែលបានទៅប្រឡងនៅឌូបៃក្នុងថ្នាក់ និងកំរិតខុសៗគ្នាដែលបង្ហាញថាចៅៗជាសិស្សពូកែរបស់កម្ពុជាទើបអាចចូលប្រឡងកំរិតសកលបាន។សូមអបអរសាទរជាមួយមាតាបិតាអាណាព្យាបាលចៅៗទាំងអស់»៕

ដោយ ៖ សិលា


ចែករំលែក៖