ខេត្តពោធិ៍សាត់ ៖ លោក ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចម្រុះខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ ចុះត្រួតពិនិត្យទីតាំងស្ងោរកែច្នៃលៀសចំនួន០៣កន្លែង ដោយបានធ្វើការដកហូតសម្ភារៈជាវត្ថុតាងមួយចំនួន និងតម្រូវឲ្យម្ចាស់ទីតាំងនីមួយៗបន្តរុះរើដោយខ្លួនឯង ។
ករណីកម្លាំងសហការដឹកនាំដោយលោក ព្រះរាជអាជ្ញាខាងលើ ធ្វើឡើងនារសៀលថ្ងៃអង្គរ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ត្រង់ចំណុចគុជនប់ ស្ថិតនៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីក្រុមមន្រ្តីចុះអនុវត្តផ្ទាល់បង្ហើបថា លទ្ធផលៈ កម្លាំងសហការរកឃើញទីតាងកែច្នៃស្ងោរលៀសចំនួន០៣កន្លែង ដែលមានម្ចាស់ទី១. ឈ្មោះ លឿង សំខាន់ ,ទី២. ឈ្មោះ ហ៊ិន សៀម និងទី៣. ឈ្មោះ ឡេ យ៉ាំងទៀង ទីតាងកែច្នៃស្ងោរលៀសទាំងនេះ ពុំមានលិខិតអនុញ្ញាតនោះទេ ទើបសមត្ថកិច្ចសម្រេចធ្វើការដកហូតសម្ភារៈជាបណ្ដោះអាសន្ន ។
ប្រភពបង្ហើបទៀតថា សម្ភារៈដែលជាវត្ថុតាងត្រូវបានដកហូត រួមមាន ទីតាងរបស់ឈ្មោះ លឿង សំខាន់ ឡស្ងោរលៀសចំនួន២៦(រុះរើ)សម្ភារៈដកហូត គម្រប់ឆ្នាំងចំនួន១៨ ដងកូចំនួន២៣ និងកន្រ្តងចំនួន១៣ ។ ទីតាងរបស់ឈ្មោះ ហ៊ិន សៀម ឡស្ងោរលៀសចំនួន០៦(រុះរើ)សម្ភារៈដកហូត ធុងទឹកកកចំណុះ ៨០០លីត្រចំនួន០២ ធុងទឹកចំនួន០២ កញ្ច្រែងចំនួន០៦ និងរថយន្ត០១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A 7710 ។ និងទីតាំងទី៣របស់ឈ្មោះ ឡេ យ៉ាំងទៀង ឡស្ងោរលៀសចំនួន០៦(រុះរើ) ធុងទឹកកកចំណុះ ៨០០លីត្រចំនួន០២ ធុងទឹកចំនួន០២ ឆ្នាំងចំនួន០១និងកញ្ច្រែងចំនួន១៥។
ប្រភពដដែលបញ្ជាក់ទៀតថា សម្ភារៈដែលជាវត្ថុតាងត្រូវបានដកហូត សមត្ថកិច្ចយកមករក្សាទុកជាបណ្ដោះអាសន្ន នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដើម្បីរង់ចាំបន្តនីតិវិធី។
ចំណែកសម្ភារៈ និងឧបករណ៍ផ្សេងៗដែលនៅសេសសល់ កម្លាំងសមត្ថកិច្ចតម្រូវឲ្យម្ចាស់ទីតាងនីមួយៗ រុះរើដោយខ្លួនឯងត្រឹមយៈពេល២០ថ្ងៃ ៕
ដោយ៖ ប៉ឹម ពិន