ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនពិរុទ្ធជនម្នាក់​ តាមអំណាចតុលាការក្នុងករណីជួញដូរគ្រឿងញៀន​ នៅខេត្ត​បាត់ដំបង​

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំង​សមត្ថកិច្ច​នគរបាលស្រុកសង្កែ​ បានចុះអនុវត្តដីកាចាប់ឃាត់ខ្លួនពិរុទ្ធជនម្នាក់​ តាមអំណាច​សាលាដំបូងខេត្ត​ ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ កាលពីល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៧និង១០នាទី នៅចំណុចក្រុមទី៣ ភូមិអន្លង់វិល ឃុំអន្លង់វិលស្រុកសង្កែ ខេត្តបាត់ដំបង។ 

ក្នុងប្រតិបត្តិការនោះ​ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ ហៀង យ៉ុងហុង អធិការស្តីទីនគរបាលស្រុកសង្កែ បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៥១៧ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤ របស់លោក ជួន សុរាសី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពិរុទ្ធជនម្នាក់ឈ្មោះ ហឹម វីឡា ហៅ បឿក ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅក្រុមទី០៣ ភូមិអន្លង់វិល ឃុំអន្លង់វិលស្រុកសង្កែ ខេត្តបាត់ដំបង បទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិអន្លង់វិល ឃុំអន្លង់វិលស្រុកសង្កែ ខេត្តបាត់ដំបង តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿង បទល្មើសដែលមានចែង និងផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៤០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ។

បច្ចុប្បន្ននៅព្រឹកថ្ងៃទី២៦​ ខែមិថុនា​នេះ​ កម្លាំងសមត្ថកិច្ចជំនាញ​បានបញ្ជូនខ្លួនពិរុទ្ធជនខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

ដោយ​៖ តារា​


ចែករំលែក៖