ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអយ្យការ សម្រេចចោទប្រកាន់លើក្រុមក្មេងទំនើង ពីបទ ហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាររសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់ថា តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យចំនួន ០១ នាក់ខាងលើ និងបក្ខពួក ពីបទ ហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែកុម្ភៈ និងខែឧសភា ឆ្នាំ២០២៤ ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២១៧ មាត្រា៤១០ និងមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណី ក្រុមក្មេងទំនើងឈ្មោះ ZK ហៅ សាំងគីម មានគ្នាចំនួន១០នាក់ ធ្លាប់បានធ្វើសកម្មភាពពីរលើក ដោយលើកទីមួយក្រុមក្មេងទំនើងឈ្មោះ ZK ហៅ សាំងគីម បានធ្វើសកម្មភាពវាយគ្នា ជាមួយសិស្សាសាលានៃវិទ្យាល័យទួលអំពិល បណ្តាលឱ្យជនរងគ្រោះរងរបួសស្រាល នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីអំឡុងពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៤ និងលើកទីពីរក្រុមក្មេងទំនើងខាងលើក៏បានធ្វើ សកម្មភាពប្រើកាំបិត និងដុំថ្ម ធ្វើសកម្មភាពកាប់ និងគប់ទៅលើម៉ូតូចំនួន០២គ្រឿងរបស់ជនរងគ្រោះបណ្តាលឱ្យ ខូចខាតនៅចំណុចក្បែរសាលារៀនប៊ែលធីសាខាច្រមុះជ្រូកស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីអំឡុង ខែឧសភា ឆ្នាំ២០២៤ ហើយក្រុមក្មេងទំនើងខាងលើក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនអស់។ រហូតមកដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យចំនួន ០១ នាក់ឈ្មោះ រតនៈ សម្បត្តិ ភេទប្រុស អាយុ១៦ឆ្នាំ។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។

បច្ចុប្បន្នក្រុមជនត្រូវចោទ ជាក្មេងទំនើងទាំងនេះ ត្រូវបានបញ្ជូនទៅកាន់ដំណាក់កាលចៅក្រមស៊ើបសួរបន្តអាចនឹងឃុំខ្លួននៅពន្ធនារគារជាបណ្ដោះអាសន្ន៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖