ខេត្តសៀមរាប៖ ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាអនុវត្តន៍គម្រោងជួសជុលជណ្ដើរ និងកម្រាលជុំវិញដំបូលទបង្ហូរទឹកខាងកើត ខាងជើង និងខាងលិចរបស់ប្រាសាទនាគព័ន្ធ ដែលកំពុងទទួលរងការខូចខាតធ្ងន់ធ្ងរឱ្យប្រសើរឡើងវិញ។
លោក ជា សារិទ្ធ បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ការជួសជុលចាប់ដំណើរការតាំងពីដើមខែឧសភា ឆ្នាំ២០២៤ ដោយផ្ដោតទៅលើការងារសំខាន់ៗមួយចំនួនដូចជា ការជួសជុលពង្រឹងជណ្តើរខាងលិចនៃស្រះខាងកើត និងកម្រាលជុំវិញដំបូលទបង្ហូរទឹកខាងកើត ជួសជុលជណ្តើរខាងត្បូងនៃស្រះខាងជើង និងកម្រាលជុំវិញដំបូលទបង្ហូរទឹកខាងជើង ជួសជុលជណ្តើរខាងកើតនៃស្រះខាងលិច និងកម្រាលជុំវិញដំបូលទបង្ហូរទឹកខាងលិច។
បច្ចុប្បន្ន ជណ្ដើរ មានការបាក់ស្រុត ដោយសារកត្តាយុកាល រុក្ខជាតិដុះចាក់ចូលគ្រឹះ ធ្វើឱ្យរចនាសម្ពន្ធសំណង់រងការពុកផុយ ទឹកដែលហូរនាំដីខ្សាច់ខាងក្នុងសំណង់ចេញទៅក្រៅ ធ្វើឱ្យថ្មរមៀលចេញពីទីតាំងដើម ជាហេតុធ្វើឱ្យជណ្តើរបាត់លំនឹង។ ចំណែកឯ កម្រាលវិញ ក៏មានទឹកហូរលិចពីលើកម្រាលចុះទៅក្រោមថ្ម ធ្វើឱ្យចំណុចមួយនៃជ្រុងអាគ្នេយ៍ បានបាក់ស្រុត ធ្លាក់ចូលទឹកទាំងស្រុងធ្វើឱ្យបាត់លំនឹង។
លោក សារិទ្ធ បញ្ជាក់ទៀត វិធីសាស្ត្រនៃការជួសជុល គឺធ្វើទៅតាមផ្នែកណាដែលរងការខូចខាត និងទ្រុឌទ្រោមខ្លាំងតែប៉ុណ្ណោះ បន្ទាប់ត្រូវជួសជុលពង្រឹងគ្រឹះដីខ្សាច់ ដីច្រាំងស្រះ ទម្រជណ្តើរ និងទម្រកម្រាល នឹងត្រូវរៀបផ្គុំជណ្តើរ និងកម្រាលឡើងវិញ៕
ដោយ៖ សូរិយា