ខេត្តក្រចេះ ៖ ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលខេត្ដក្រចេះ បានរៀបចំការត្រួតពិនិត្យស្វែងរកសារធាតុញៀនក្នុងទឹកមូត្រដល់ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា ដែលបម្រើការងារនៅរដ្ឋបាលខេត្តក្រចេះ ។ ការធ្វើតេស្តរហ័សស្វែងរកសារធាតុញៀនក្នុងទឹកមូត្រ ដោយមានមន្ត្រីការិយាល័យគ្រឿងញៀន នៃស្នងការនគរបាលខេត្ត ធ្វើតេស្តបានចំនួន១៦៥នាក់ ស្រី៥៤នាក់ ជាលទ្ធផលអវិជ្ជមានទាំងអស់។
លោក ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្ត តំណាងលោក វ៉ា ថន អភិបាលខេត្ត បានលើកឡើងថា មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាទាំងអស់ នៃរដ្ឋបាលខេត្តក្រចេះ ត្រូវមានកាតព្វកិច្ចធ្វើតេស្តរកសារធាតុញៀនទាំងអស់គ្នា ស្របតាមបទបញ្ជាលេខ ០១ បប ចុះថ្ងៃ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
លោកបន្តថា ការរៀបចំធ្វើតេស្តរហ័សស្វែងរកសារធាតុញៀនក្នុងទឹកមូត្រនេះ គឺដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាពនៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿង ញៀនខុសច្បាប់ ដែលជាអាទិភាពនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុក ចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ៕
ដោយ៖ សូរិយា