ភ្នំពេញ៖ លោក ឡយ ជេម អូស្ទីន III (Lloyd James Austin III) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ផ្ញើសារលិខិតថ្លែងអំណរគុណជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលស្វាគមន៍ ឯកឧត្ដមរដ្ឋមន្ត្រី ជាលើកទី២ ។
នៅក្នុងសារលិខិតថ្លែងអំណរគុណរបស់លោក ឡយ ជេម អូស្ទីន បានបញ្ជាក់ថា សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រាជធានីភ្នំពេញ។
សម្តេចតេជោប្រធានព្រឹទ្ធសភាជាទីគោរពរាប់អាន!
សូមថ្លែងអំណររគុណ សម្តេចប្រធាន ដែលបានស្វាគមន៍ខ្ញុំនៅកម្ពុជាជាលើកទីពីរ។ ខ្ញុំមានសេចក្តី រីករាយដែលបានជួប សម្តេចប្រធាន ជាថ្មីម្តងទៀត។
ដូចដែលខ្ញុំបានលើកឡើងនៅក្នុងជំនួបរបស់យើង សហរដ្ឋអាមេរិកនៅតែមានចំណាប់អារម្មណ៍ធ្វើ ការជាមួយ សម្តេចប្រធាន ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។ ខ្ញុំសង្ឃឹមថាសហរដ្ឋអាមេរិក អាចជួយកម្ពុជា ពង្រឹងសន្តិសុខរបស់ខ្លួន ទៅតាមរបៀបដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា។
ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះចម្លើយដ៏ស្មោះត្រង់មិនលាក់លៀមរបស់ សម្តេច ចំពោះសំណូមពរបស់ខ្ញុំ។ ខ្ញុំសង្ឃឹមថានឹងបន្តកិច្ចពិភាក្សាអំពីមធ្យោបាយដ៏ល្អបំផុត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើង ហើយខ្ញុំទន្ទឹងរង់ចាំនូវទំព័រថ្មីនេះនៃទំនាក់ទំនងការពារជាតិរបស់ប្រទេសយើងទាំងពីរ។
សូម សម្តេចប្រធាន ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ៕
ដោយ៖ តារា