ភ្នំពេញ ៖ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានបង្ហោះឆ្លើយតប ទៅនឹង ការ Comment ដែលមិនត្រឹមត្រូវ អាចធ្វើឱ្យប្រជាកសិករយល់ច្រឡំ ។ លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា ៖ ដោយសារមានអ្នកយល់ច្រឡំ ហើយក៏មានសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយទាំងមិនត្រឹមត្រូវ ដែលអាចប៉ះពាល់ដល់ទីផ្សារ និងជីវភាពប្រចាំថ្ងៃរបស់បងប្អូនអ្នកប្រកបរបរលក់ក្តាមខ្យងត្រីស្រែ អនុញ្ញាតឱ្យខ្ញុំបាទសូមចែករំលែកចម្លើយនេះជាសាធារណៈតែម្តង៖
លោកថា ៖ «មិនត្រឹមត្រូវទេ ដីស្រែដែលមានផ្ទុះករណីដង្កូវហ្វូងគឺជាដីស្រែដែលកំពុងខ្វះទឹក គ្មានវត្តមានក្តាមខ្យងត្រីស្រែនោះទេ ចំណែកឯដីស្រែដែលមានទឹកច្រើននិងកំពុងលូតលាស់ល្អ ហើយអាចមានត្រីក្តាមខ្យង ភាគច្រើនមិនមានជួបបញ្ហារឿងដង្កូវហ្វូង និងមិនបានរងឥទ្ធិពលពីការបាញ់ថ្នាំគីមីសម្លាប់ដង្កូវហ្វូងឡើយ ហើយក៏មិនមានភស្តុតាងណាបង្ហាញថា មានអ្នកដើររើសក្តាមខ្យងដែលស្លាប់ក្រោយបាញ់ថ្នាំយកទៅបរិភោគ ឬលក់ដូរដែរ។ ការលើកឡើងដោយមិនត្រឹមត្រូវបែបនេះ នឹងធ្វើឱ្យបងប្អូនកសិករប្រកបរបរលក់ក្តាមខ្យងត្រីស្រែបន្តិចបន្តួចបាត់ទីផ្សារ និងប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ទៅវិញទេ។ សុំមេត្តាកុំយកព័ត៌មានខុសទៅផ្សព្វផ្សាយ។»
ដោយ ៖ សិលា