ភ្នំពេញ ៖ ក្នុងការចូលរួមអបអរសាទរ – ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ឆ្នាំ២០២៤» ក្រោមប្រធានបទ «ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់កំណើនកាន់តែប្រសើរ Better MSMEs Ecosystem for Better Growth»។ មហាសន្និបាតអង្គការសហប្រជាជាតិ បានបង្កើតទីវា សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs Day) ដោយកំណត់យកថ្ងៃទី២៧ នៃខែមិថុនា ជារៀង រាល់ឆ្នាំ ដើម្បីរួមចំណែកសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០៣០ និងធានាបាននូវ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងបរិស្ថានប្រកបដោយបរិយាបន្ន និងនិរន្តភាព។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាន៍ ត្រូវជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ស្ថិរភាពសង្គម និងរួមចំណែកដល់ការរីកចម្រើននៃវិស័យឯកជន។
សម្តេចធិបតី ថ្លែងថា ៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យ លេខ១៥ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ កំណត់យកថ្ងៃទី២៧ ខែមិថុនា រៀងរាល់ឆ្នាំ ជា ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីលើក កម្ពស់និងផ្តល់តម្លៃដល់វិស័យនេះ ដែលជាមូលដ្ឋានគ្រឹះនិងកម្លាំងចលកររុញច្រានកំណើនសេដ្ឋកិច្ចនិង ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។ វិស័យនេះគ្របដណ្តប់សកម្មភាពសេដ្ឋកិច្ចគ្រប់ប្រភេទ និងផ្តល់នូវអត្ថ ប្រយោជន៍ជូនប្រជាជននិងធុរជនគ្រប់រូបតាមរយៈការបង្កើតការងារ មុខរបរ បង្កើនប្រាក់ចំណូល កាត់បន្ថយ ចំណាកស្រុក ជួយប្រជាជនងាយរងគ្រោះឱ្យមានលំនឹងជីវភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ស្ថិរភាពសង្គម និងរួមចំណែកដល់ការរីកចម្រើននៃវិស័យឯកជន។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបន្តថា ៖ រាជរដ្ឋាភិបាលកម្ពុជានាអាណត្តិកន្លងមក ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្ត្រនិងវិធានការ គាំទ្រនានា ដើម្បីអភិវឌ្ឍវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលជាសក្ខីភាពបញ្ជាក់ឱ្យឃើញអំពី ការផ្តោតការយកចិត្តទុកដាក់ និងផ្តល់នូវសារៈសំខាន់ចំពោះវិស័យនេះ។ ទោះបីបាននិងកំពុងប្រឈមក្នុង បរិការណ៍នៃការប្រកួតប្រជែងនៃការធ្វើពាណិជ្ជកម្មសេរីក្នុងក្របខណ្ឌតំបន់និងសកល ក៏ដូចជាភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោកក៏ដោយ ក៏សហគ្រាសធុនមីក្រូ តូច និងមធ្យមទាំងអស់ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិត ការផ្គត់ផ្គង់ និងការផ្តល់សេវា ហើយកំពុងខិតខំអភិវឌ្ឍនិងវិវត្តខ្លួន ឱ្យឆ្លើយតបទៅនឹងនិន្នាការថ្មីៗ ជាពិសេសគឺរបត់នៃការប្រែប្រួលផ្នែកលក្ខខណ្ឌតម្រូវរបស់ទីផ្សារ លក្ខខណ្ឌ តម្រូវផ្នែកបរិស្ថាន និងការវិវត្តនៃបច្ចេកវិទ្យា។
សម្តេចធបិតីថា ៖ បច្ចុប្បន្ននេះ សហគ្រាសធុនមីក្រូ តូច និងមធ្យម មានប្រមាណ៩០% លើមូលដ្ឋានផលិតកម្មអាជីវកម្មសរុប ផ្តល់ការងារពី ៦០% ទៅ៧០% និងរួមចំណែក ៥០% នៃផលិតផលក្នុងស្រុកសរុបនៅទូទាំងពិភពលោក។ នៅក្នុងក្របខ័ណ្ឌអាស៊ាន មានចំនួនសហគ្រាសសរុបប្រមាណ ៧០លានមូលដ្ឋាន (ចន្លោះពី ៩៧.២% ទៅ ៩៩.៩%) និងរួមចំណែកក្នុងរង្វង់ ៤៤.៨% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសជាសមាជិកអាស៊ាន។ យោងតាមរបាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យមចំនួន ៧៥៣,៦៧០ មូលដ្ឋាន មានកម្លាំងពលកម្មសរុប ២,៩៨០,៥៦៩ នាក់ ក្នុងនោះស្ត្រីមាន ១,៨៤១,៣៦២ នាក់។ លទ្ធផលជំរឿនបានបង្ហាញថា វិស័យ សហគ្រាសធុនមីក្រូ តូចនិងមធ្យម បានចូលរួមក្នុងផលិតផលក្នុងស្រុកសរុបស្មើ៦៣% និងផ្តល់ការងារលើសពី៧០% (ដោយមិនរាប់បញ្ចូលវិស័យកសិកម្ម) ៕
ដោយ ៖ សិលា