ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ក្រសួងបរិស្ថាន ៖ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ច្រានចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុបរទេស ដែលផ្សាយជាខេមរភាសា

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ច្រានចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុបរទេស ដែលផ្សាយជាខេមរភាសា ។ នេះជាការបញ្ជាក់របស់ ក្រសួងបរិស្ថាន បានបង្ហោះលើផេកផ្លូវការ នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ 

ផេកក្រសួងបរិស្ថានបានបញ្ជាក់ថា ៖ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ចេញសេចក្តីប្រកាសពត៌មាន ស្តីពីការផ្សព្វផ្សាយរបស់វិទ្យុអាស៊ីសេរី (RFA) អំពីករណី មន្ត្រីបរិស្ថានខេត្តស្ទឹងត្រែង បានឃាត់ខ្លួនប្រធានសហគមន៍ការពារព្រៃឈើម្នាក់បញ្ជូនទៅ តុលាការខេត្ត ពាក់ព័ន្ធសំណុំរឿងបទល្មើសព្រៃឈើ ការឃាត់ខ្លួននេះធ្វើឡើងក្រោយពីសកម្មជនព្រៃឈើ រូបនេះមិនពេញចិត្តជាមួយអាជ្ញាធរ រំលោភបំពានដីព្រៃសហគមន៍ទំហំជាងបីពាន់ហិកតាដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន”។

មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង មានកិត្តិយសសូមជម្រាបជូនសាធារណជន បណ្តាញសារព័ត៌មានជាតិ និងអន្តជាតិឱ្យបានដឹងថា៖កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ វិទ្យុអាស៊ីសេរី (RFA) បានផ្សាយអំពី មន្ត្រីបរិស្ថានខេត្តស្ទឹងត្រែងបានឃាត់ខ្លួន ប្រធានសហគមន៍ការពារព្រៃឈើម្នាក់បញ្ជូនទៅតុលាការខេត្តនេះពាក់ព័ន្ធសំណុំរឿងបទល្មើសព្រៃឈើ ការឃាត់ខ្លួននេះធ្វើឡើង ក្រោយពីសកម្មជនព្រៃឈើរូបនេះមិនពេញចិត្តជាមួយអាជ្ញាធរ រំលោភបំពានដីព្រៃសហគមន៍ទំហំជាងបីពាន់ហិកតាដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន” ។

ករណីនេះ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែងសូមធ្វើការគូសបញ្ជាក់ថា៖ យោងតាមសភាពជាក់ស្តែង កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានចាត់មន្ត្រីឧទ្យានុរក្សចុះល្បាតក្នុងតំបន់ការពារធម្មជាតិនៅចំណុចអូរឆ្កួតឃើញមាន ការកាប់រុករានទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធិយ៉ាងអានាធិបតេយ្យ ប្រព្រឹត្តឡើងដោយ(អញ្ញាតជន) ស្ថិតក្នុងភូមិសាស្ត្រភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី រហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤មន្ទីរបរិស្ថាន បានចាត់មន្ត្រីនគរបាលយុត្តិធម៌នៃមន្ទីរបរិស្ថានខេត្ត ធ្វើការចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាអំពីអ្នកដែលពាក់ព័ន្ធកាប់រុករានទន្ទ្រានយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ក្នុងពេលចុះស្រាវជ្រាវនេះមន្ត្រីជំនាញ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង បានផ្តល់ព័ត៌មានដល់មន្ត្រី ជំនាញដូចៗគ្នាថាចំពោះដីដែលបានកាប់រុករានទន្ទ្រានព្រៃខាងលើនេះជាដីរបស់ជនសង្ស័យឈ្មោះម៉ឹង រដ្ឋា ភេទប្រុសអាយុ ៤៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង បន្ទាប់មកក្រុមការងារបានបន្តចុះត្រួតពិនិត្យដល់ទីតាំង ជាក់ស្តែងដោយមិនបានឃើញជនដែលបានប្រព្រឹត្តនៅទីកន្លែងនោះឡើយ។

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ មន្ត្រីនគរបាលយុត្តិធម៌ នៃមន្ទីរបរិស្ថានខេត្ត បានកោះហៅជនសង្ស័យឈ្មោះ ម៉ឺង រដ្ឋា ភេទប្រុស មានទីលំនៅបច្ចុប្បន្នរស់នៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង តាមដីកាបញ្ជាឱ្យចូលខ្លួនលេខ ៧៦០ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីសាកសួរពាក់ព័ន្ធទៅនិងការកាប់រុករានទន្ទ្រានដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ស្ថិតនៅដែនជម្រកសត្វព្រៃ-ឆែបព្រះរការ (អតីតរបៀងអភិរក្សជីវៈចម្រុះ) បន្ទាប់ពីបានសាកសួររួច មន្ត្រីនគរបាលយុត្តិធម៌នៃមន្ទីរបរិស្ថានខេត្តបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី។ ចំពោះព័ត៌មានវិទ្យុអាស៊ីសេរី (RFA) បានចេញផ្សាយនេះ ជាករណីមិនពិតនោះទេ មន្ទីរបរិស្ថានសូមច្រានចោលព័ត៌មាន អាស៊ីសេរី (RFA)ទាំងស្រុង ដែលបានចោទប្រកាន់ថាមន្ទីរបរិស្ថាន និងរដ្ឋបាលខេត្ត មានពាក់ព័ន្ធជាមួយក្រុមហ៊ុន លីន វតី ។ ការកោះហៅ និងឃាត់ខ្លួន បុគ្គលឈ្មោះ ម៉ឹង រដ្ឋា ដែលជាប្រធានសហគមន៍ភ្នំជម្រកសត្វ គឺជាករណីកាប់គាស់រុនរានទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិ ដែលមានភស្តុតាង និងសាក្សី គ្រប់គ្រាន់ ។

ករណីកសាងសំណុំរឿងបញ្ជូនជនសង្ស័យឈ្មោះ ម៉ឹង រដ្ឋា ទៅអយ្យការអមសាលាដំបូងខេត្ត គឺអនុវត្តតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិតាមនីតិវិធី ។

អាស្រ័យហេតុនេះ សូមសាធារណជន បណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖