ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាររសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់ថា តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យ២នាក់ ពីបទ ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចមុខសាលាវិទ្យាល័យហ៊ុន សែនជម្ពូវ័ន ស្ថិតនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៤១០ និងមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ។
សូមរំលឹកថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណី ក្រុមក្មេងទំនើង មានគ្នាចំនួន ០២ នាក់ បានធ្វើសកម្មភាពប្រើពូថៅផ្លែដែកដងឈើមួយដើម កាប់បំផ្លាញម៉ូតូ០១គ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1Q-9081 របស់ជនរងគ្រោះម្នាក់បណ្តាលឱ្យខូចខាត បែកក្បាលម៉ូតូ កុងទ័រ និងបែកបាក់ក្បាំងម៉ូតូចំហៀងខាងស្តាំ នៅចំណុចមុខសាលាវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន ស្ថិតនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០៨ និង ០០ នាទី រួចក្រុមក្មេងទំនើងខាងលើក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់។ រហូតមក ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៤ និង ០០ នាទី ជនរងគ្រោះក៏បានឃើញក្រុមក្មេងទំនើងទាំងពីរនាក់ ខាងលើ ក៏បានរាយការណ៍ជូនដល់សមត្ថកិច្ច និងឃាត់ខ្លួនបានជនសង្ស័យចំនួន ០២ នាក់ ១.ឈ្មោះ អុន វីរៈឆាយ ភេទប្រុស អាយុ១៦ឆ្នាំ និង២.ឈ្មោះ ផាត វីរៈ ភេទប្រុស អាយុ១៦ឆ្នាំ ។
បច្ចុប្បន្នក្រុមជនត្រូវចោទ ជាក្មេងទំនើងទាំងនេះ ត្រូវបានបញ្ជូនទៅកាន់ដំណាក់កាលចៅក្រមស៊ើបសួរបន្តអាចនឹងឃុំខ្លួននៅពន្ធនារគារជាបណ្ដោះអាសន្ន៕
ដោយ ៖ រ៉ារ៉ា