ព័ត៌មានទាន់ហេតុការណ៍៖

សមយុទ្ធ Freedom Edge រវាងកូរ៉េខាងត្បូង ជប៉ុន និងអាមេរិក ចាប់ផ្តើមក្នុងពេលកំពុងតានតឹងខ្លាំងជាមួយកូរ៉េខាងជើង

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានផ្សាយថា យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ ទីក្រុងសេអ៊ូល តូក្យូ និងវ៉ាស៉ីនតោន បានរួមគ្នាចាប់ផ្តើមការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំថ្មីមួយ ស្របពេលសម្ព័ន្ធមិត្តទាំង៣ ព្យាយាមទប់ទល់ការគំរាមកំហែង ដែលកំពុងបន្តកើនឡើង ពីសំណាក់ទីក្រុងព្យុងយ៉ាង។
សមយុទ្ធយោធារួមខាងលើ ដែលហៅថា Freedom Edge នឹងផ្តោតទៅលើមីស៉ីលបាលិស្ទីគ និងការការពារដែនអាកាស រួមជាមួយយុទ្ធសាស្រ្តប្រឆាំងនាវាមុជទឹក និងការហ្វឹកហ្វឺនការពារខ្លួនតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងចំណោមលំហាត់ផ្សេងៗជាច្រើនទៀត។ កាលពីឆ្នាំមុន មេដឹកនាំនៃប្រទេសទាំង៣ បានបើកកិច្ចប្រជុំកំពូលមួយ ហើយបានឯកភាព ធ្វើសមយុទ្ធយោធារួមគ្នាជារៀងរាល់ឆ្នាំ ដើម្បីបង្ហាញសាមគ្គីភាព ចំពោះមុខការគំរាមកំហែងនៃអាវុធនុយក្លេអ៊ែរ និងមីស៉ីលរបស់កូរ៉េខាងជើង ក៏ដូចជាការកើនឡើងឥទ្ធិពលរបស់ចិន នៅក្នុងតំបន់។
សមយុទ្ធយោធា Freedom Edge ដែលនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ មានការចូលរួមពីនាវាផ្ទុកយន្តហោះចម្បាំង USS Theodore Roosevelt របស់សហរដ្ឋអាមេរិក, នាវាចម្បាំងពិឃាត JS Atago របស់ជប៉ុន និងកងយន្តហោះចម្បាំង KF-16 របស់កូរ៉េខាងត្បូង ក្នុងចំណោមសព្វាវុធដទៃទៀត។ នាវា Theodore Roosevelt បានមកដល់កំពង់ផែក្រុង Busan របស់កូរ៉េខាងត្បូង កាលពីចុងសប្តាហ៍មុន ហើយបានបង្កឱ្យទីក្រុងព្យុងយ៉ាង ក្តៅស្លឹកត្រចៀក។
នៅថ្ងៃព្រហស្បតិ៍ដដែលនេះ កូរ៉េខាងជើងទើបតែបានអះអាងអំពីភាពជោគជ័យ ក្នុងការធ្វើតេស្តដ៏សំខាន់មួយ ក្នុងកិច្ចប្រឹងប្រែងអភិវឌ្ឍបច្ចេកវិទ្យាមីស៉ីល ដែលអាចបំពាក់ក្បាលគ្រាប់បានច្រើនគ្រាប់។ កន្លងមក ទីក្រុងព្យុងយ៉ាងតែងតាំងចាត់ទុក ការធ្វើសមយុទ្ធយោធារួមគ្នា រវាងអាមេរិកនិងកូរ៉េខាងត្បូង ជាការហាត់សមត្រៀមបើកការឈ្លានពានទៅលើខ្លួន៕ ដោយ៖ ធីរីណា

រូប​ថត​៖ Vietnamplus


ចែករំលែក៖