ខេត្តព្រះសីហនុ ៖ បើយោងតាមសេចក្តីរាយការណ៍ ពី ប្រជាពលរដ្ឋ បានឱ្យដឹងថា ៖ មានកម្លាំងកងរាជអាវុធខេត្ត បានធ្វើការឡោមព័ទ្ធ ទីតាំង២ កន្លែង នៅទល់មុខគ្នា ដោយ ឃាត់ខ្លួនជនជាតិវៀតណាម ជិត ១០ នាក់ ក្រោយ ពីមានការ បែកធ្លាយ ឃ្លីប វីដេអូ អាសអាភាស ។
ប្រតិបត្តិការនេះធ្វើឡើងនៅម្តុំសេតេ ខាងក្រោយអតីតផ្ទះ សូវៀត ស្ថិតក្នុងភូមិ ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ នាល្ងាច ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឱ្យដឹងថា ៖ ចំណុចទីតាំងខាងលើ កាលពី ថ្ងៃ ទី ២៥ ខែមិថុនា ឆ្នាំ ២០២៤ មានជនជាតិ វៀតណាម ជាច្រើន នាក់ មានប្រុស មានស្រី ប្រមូលផ្តុំ គ្នា ប្រើប្រាស់ថ្នាំញៀន (k) ថ្នាំ គ្រវី និងមានអាវុធ ទៀតផង ។
ក្រោយ ពីទទួលបានព័ត៌មាននេះ ភ្លាម សមត្ថកិច្ច បាន ធ្វើការស្រាវជ្រាវ ហើយមកដល់ ថ្ងៃ ទី២៦ ខែមិថុនា ឆ្នាំ ២០២៤ កម្លាំង កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្ត បានកំណត់ទីតាំងផ្ទះវីឡា និង ផ្ទះល្វែងខាងលើ រួច ឆ្មក់ចូលបង្ក្រាប បានជនសង្ស័យ ជាជនជាតិវៀតណាម ជិត ១០ នាក់ រថយន្ត ២ គ្រឿង និង អាវុធ ខ្លី ២ដើម ព្រមទាំង វត្ថុ តាងមួយចំនួនទៀត ។
ក្រុមជនសង្ស័យ រួមនឹង វត្ថុតាងត្រូវបាននាំទៅកាន់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បី សួរនាំ និង ស្រាវជ្រាវ រកបក្ខពួក ផ្សេងទៀត ដើម្បីអនុវត្តតាមនីតិវិធី ។ ចំពោះព័ត៌មានលម្អិតសូមផ្សព្វផ្សាយនៅពេលក្រោយ ៕
ដោយ ៖ សិលា