ព័ត៌មានទាន់ហេតុការណ៍៖

បុរសនិងស្ត្រីជាជនជាតិចិនពីរនាក់ ជិះម៉ូតូកៀរខឿនលេីស្ពានកំពង់ទួល ដួលបោកក្បាលស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ចែករំលែក៖

    ភ្នំពេញ ៖ បុរសនិងស្ត្រី ពីរនាក់ជាជនជាតិចិនដូចគ្នា បានជិះម៉ូតូមួយគ្រឿងឌុបគ្នាឆ្លងកាត់ស្ពានកំពង់ទួល ស្រាប់តែរេចង្កូតកៀរខឿនលេីស្ពាន បណ្ដាលឲ្យដួល ធ្វេីឲ្យស្ត្រីម្នាក់ដែលអង្គុយខាងក្រោយបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ រីឯបុរសជាអ្នកឌុបរងរបួសធ្ងន់ ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧ និង៤០នាទីព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២៤ នៅចំណុចលេីស្ពានកំពង់ទួល តាមផ្លូវជាតិលេខ៣ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេសង្កេតឃេីញជនរងគ្រោះប្រុសស្រីពីរនាក់ជាជនជាតិចិន បានជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០២៤ ពណ៌ខ្មៅ អត់មានផ្លាកលេខ និងកញ្ចក់ ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ៣ ទិសដៅពីជេីងទៅត្បូងក្នុងល្បឿនល្មម ។ លុះមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតកៀរខឿនលេីស្ពានកំពង់ទួល បណ្ដាលឲ្យដួល ធ្វេីឲ្យស្ត្រីម្នាក់ជាអ្នកអង្គុយខាងក្រោយបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ រីឯបុរសជាអ្នកឌុបរងរបួសធ្ងន់ ។ 

    ក្រោយកេីតហេតុ ជនរងគ្រោះដែលរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដេីម្បីសង្គ្រោះអាយុជីវិត ។ ដោយឡែកសពស្ត្រីរងគ្រោះ ជាជនជាតិចិន ត្រូវបានសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញធ្វេីការស្រាវជ្រាវរកអត្តសញ្ញាណ និងសាច់ញាតិដេីម្បីប្រគល់ជូនចាត់ចែងធ្វេីបុណ្យ តាមប្រពៃណី ។

រីឯម៉ូតូរបស់ជនរងគ្រោះ  ខាងលេី ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ជាបណ្ដោះអាសន្ន រង់ចាំបន្តនីតិវិធីនាពេលក្រោយ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖