ភ្នំពេញ ៖ នៅក្នុងឱកាសប្រារព្ធខួបលើកទី៧៣ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងបញ្ជាក់ថា ការប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌នូវការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់, ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ នៅកម្ពុជា បានបង្ហាញពីភាពចាស់ទុំ និងការបោះជំហានយ៉ាងរឹងមាំនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា តាមរយៈជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតទាំងអស់នេះ ក៏កាន់តែបង្ហាញឱ្យឃើញច្បាស់ថា ប្រជាជនកម្ពុជាត្រូវការចាំបាច់នូវតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាតទៅមុខទៀត ហើយបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះរាល់សកម្មភាពប្រទូសរ៉ាយរបស់ពួកប្រឆាំងជ្រុលនិយម មួយក្តាប់តូចដែលប៉ុនប៉ងបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ បង្កភាពវឹកវរក្នុងសង្គម សំដៅឈានទៅបំផុសបដិវត្តន៍ពណ៌សាជាថ្មីទៀត។
ក្នុងនាមគណៈកម្មាធិការកណ្តាល សម្តេចប្រធានកិត្តិយសគណបក្ស សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងការគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលមានការជឿជាក់មុតមាំ ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងសម្តេចផ្ទាល់ ហើយបានបោះឆ្នោតគាំទ្រគណបក្សយ៉ាងច្រើនលើសលប់បំផុត។
ទន្ទឹមនេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា ឆ្លើយតបនឹងជំនឿទុកចិត្តនេះ គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាបន្តធ្វើអ្វីៗគ្រប់យ៉ាងក្នុងលទ្ធភាពទាំងអស់របស់ខ្លួន ដើម្បីពង្រឹងធ្លុងសាមគ្គីភាព ឯកភាពជាតិ, ថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ, ការពារឯករាជ្យ អធិបតេយ្យ និង បូរណភាពទឹកដី, ការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ និងបន្តជំរុញពន្លឿនកិច្ចអភិវឌ្ឍ ប្រទេសជាតិ លើកកម្ពស់ជីវភាពរបស់ប្រជាជន។
ឆ្លៀតក្នុងឱកាសនេះសម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះក្រុមការងាររបស់គណបក្សចុះមូលដ្ឋាន រាជធានី ខេត្ត គណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក និងមន្ត្រីរបស់គណបក្សទាំងអស់ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត ធ្វើការបម្រើប្រជាជន និងអនុវត្តរាល់ភារកិច្ចដែលគណបក្សបានប្រគល់ជូនប្រកបដោយប្រសិទ្ធភាព និងការទទួល ខុសត្រូវ ផ្តើមពីសកម្មភាពទាំងអស់នេះហើយ ដែលធ្វើឱ្យគណបក្សយើងទទួលបាន ជ័យជម្នះនៅគ្រប់កាលៈទេសៈផងដែរ៕
ដោយ ៖ សិលា