ព័ត៌មានទាន់ហេតុការណ៍៖

កុមារាម្នាក់ បានលង់ទឹកស្លាប់ក្នុងទំនប់សណ្ដរស្ទឹងធ្វេីឱ្យឪពុកម្ដាយយំស្រណោះជាខ្លាំង

ចែករំលែក៖

ភ្នំពេញ ៖ កុមារាម្នាក់ ក្នុងចំណោមកុមារា កុមារីជាច្រេីននាក់ បានលង់ទឹកស្លាប់គួរឲ្យសង្វេគ បន្ទាប់ពីពួកគេបបួលគ្នាទៅលំហែកាយ និងលេងទឹកសណ្ដរស្ទឹង កាលពីវេលាម៉ោង៤ និង៥០នាទីរសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២៤ នៅចំណុចសណ្ដរស្ទឹងតាហោ ភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

    សពកុមារារងគ្រោះមានឈ្មោះ ព្រីង មករា អាយុ១៥ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ 

    តាមប្រភពព័ត៌មានពីក្រុមកុមារា កុមារី ដែលនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ ពួកគេមានគ្នាពីរក្រុម ដោយភាគីមួយក្រុមមានប្រុសស្រី០៧នាក់ ជិះម៉ូតូ៣គ្រឿង រីឯភាគីកុមារារងគ្រោះមានគ្នា០៣នាក់ជិះម៉ូតូ១គ្រឿងបានចេញពីស្ទឹងមានជ័យទៅអង្គុយលេង និងហែលទឹកលេងនៅសណ្ដរស្ទឹងខាងលេី ។ បន្ទាប់ពីក្រុមកុមារារងគ្រោះហែលទឹកលេងមួយសន្ទុះស្រាប់តែលិចបាត់កុមារារងគ្រោះ ដោយពួកគេព្យាយាមរកមេីលក៏មិនឃេីញ ទេីបសម្រេចចិត្តរាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋាន និងអ្នកភូមិឲ្យជួយអន្តរាគមន៍ ។ 

      បន្ទាប់ពីទទួលបានព័ត៌មានខាងលេី អាជ្ញាធរមានសមត្ថកិច្ច បានសហការជាមួយប្រជាពលរដ្ឋដែលជំនាញខាងហែលទឹក និងមុជទឹកមករាវរកឃេីញកុមារារងគ្រោះផងដែរ តែអកុសលកុមារារងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហេីយ រួចក៏ព្យាយាមទាក់ទងទៅក្រុមគ្រួសារឪពុកម្ដាយជនរងគ្រោះឲ្យមកកន្លែងកេីតហេតុ ។ ខណៈឪពុកម្ដាយជនរងគ្រោះបានចុះទៅដល់ ក៏បានស្ទុះទៅអោបសពកូនប្រុសរបស់ខ្លួនយំសោកទាំងអាឡោះអាល័យបំផុត។  

    ក្នុងករណីខាងលេីនេះ ឪពុកម្ដាយសពកុមារារងគ្រោះមិនបានដាក់ពាក្យបណ្ដឹងអ្វីនោះទេ ដោយស្នេីសុំសមត្ថកិច្ចយកសពកូនប្រុសយកទៅធ្វេីបុណ្យតាមប្រពៃណី ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖