អន្តរជាតិ ៖ ៧០ឆ្នាំមុន ចលនាតស៊ូទាមទារឯករាជ្យជាតិនៃអាស៊ី អាហ្រ្វិកនិងអាមេរិកឡាទីនបានផ្ទុះឡើងព្រមៗគ្នា ហើយបណ្តាប្រទេសដែលប្រសូតឡើងថ្មីប្រាថ្នាចង់គាំពារអធិបតេយ្យភាពជាតិនិងអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ថ្នាក់ដឹកនាំចិនបានលើកឡើងយ៉ាងពេញលេញជាលើកដំបូងនូវគោលការណ៍ ៥ ប្រការនៃការរួមរស់នៅដោយសនិ្តសហវិជ្ជមាន ដែលបានផ្តល់នូវ”ចម្លើយប្រវត្តិសាស្ត្រ”ដល់ការធ្វើយ៉ាងដូចម្តេចដើម្បីដោះស្រាយទំនាក់ទំនងរវាងប្រទេសនិងប្រទេស។ នេះជាការផ្សាយ របស់ គេហទំព័រ «CCFR China state-controlled media » ។
៧០ឆ្នាំក្រោយ ពិភពលោកបាននិងកំពុងស្ថិតក្នុងភាពបម្រែបម្រួលដ៏ខ្លាំងដែលមិនធ្លាប់មានក្នុងរយៈពេល១រយឆ្នាំ។ ប្រឈមមុខនឹងបញ្ហាសំខាន់ដែលថា”តើគួរកសាងពិភពលោកបែបណានិងកសាងពិភពលោកនេះតាមរបៀបណា?”ប្រទេសចិនបានផ្តល់”ចម្លើយយុគសម័យ”ស្តីពីការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិទៀតផង។
ពី”ចម្លើយប្រវត្តិសាស្ត្រ”ដល់”ចម្លើយយុគសម័យ” អ្វីដែលបានប្រែប្រួលគឺស្ថានការណ៍អន្តរជាតិ និងនិម្មាបនកម្មអន្តរជាតិ ហើយអ្វីដែលមិនប្រែប្រួល គឺការស្វែងរកប្រកបដោយការច្នៃប្រឌិតថ្មីរបស់ប្រទេសចិនចំពោះទំនាក់ទំនងរវាងប្រទេសនិងប្រទេស ទំនួលខុសត្រូវចំពោះសន្តិភាពនិងការអភិវឌ្ឍនៃពិភពលោក ក៏ដូចជាការស្វែងរកឥតឈប់ឈរចំពោះសណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយភាពយុត្តិធម៌និងសមហេតុផល។
គេហទំព័រ «CCFR China state-controlled media » បានបន្តថា ៖ នៅថ្ងៃទី២៨ខែមិថុនា លោកXi Jinpingប្រធានរដ្ឋចិនបានអញ្ជើញចូលរួមក្នុងមហាសន្និបាតរំលឹកខួបលើកទី៧០នៃការចេញផ្សាយគោលការណ៍ ៥ ប្រការនៃការរួមរស់នៅដោយសនិ្តសហវិជ្ជមាន ព្រមទាំងបានថ្លែងសុន្ទរកថាគន្លឹះ ដោយបកស្រាយដោយគ្រប់ជ្រុងជ្រោយនូវខ្លឹមសារស្មារតីនិងគុណតម្លៃយុគសម័យនៃគោលការណ៍ ៥ ប្រការនៃការរួមរស់នៅដោយសនិ្តសហវិជ្ជមាន ហើយបានគូសបញ្ជាក់ថា ទស្សនៈស្តីពីការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិគឺជាការបន្តវេន ការផ្សព្វផ្សាយនិងការលើកកម្ពស់ដ៏ល្អបំផុតចំពោះគោលការណ៍ ៥ ប្រការនៃការរួមរស់នៅដោយសនិ្តសហវិជ្ជមាន ក្រោមបរិបទថ្មី ដែលបានបញ្ចេញសំឡេងយុគសម័យដ៏ខ្លាំងរបស់”សកលខាងត្បូង”(Global South)ក្នុងការរួមគ្នាបង្កើតអនាគតដ៏ល្អបវរជាមួយប្រជាជននៃបណ្តាប្រទេសនានាលើពិភពលោក។
គេហទំព័រ «CCFR China state-controlled media » ថា ៖ ថ្លែងក្នុងសុន្ទរកថា លោកXi Jinpingប្រធានរដ្ឋចិនបានបូកសរុបដោយគ្រប់ជ្រុងជ្រោយនូវ”ការរួមចំណែកជាប្រវត្តិសាស្ត្រចំនួនបួន”នៃគោលការណ៍នេះ ដោយគូសបញ្ជាក់ថា វាបានបង្កើតជាគំរូប្រវត្តិសាស្ត្រសម្រាប់ទំនាក់ទំនងអន្តរជាតិនិងនីតិរដ្ឋអន្តរជាតិ បានផ្តល់ការណែនាំដ៏ត្រឹមត្រូវដល់ប្រទេសដែលមានរបបសង្គមផ្សេងៗគ្នាក្នុងការបង្កើតនិងអភិវឌ្ឍទំនាក់ទំនង បានប្រមូលផ្តុំកម្លាំងរួមគ្នាយ៉ាងខ្លាំងក្លាសម្រាប់សាមគ្គីភាព កិច្ចសហប្រតិបត្តិការនិងការធ្វើឱ្យខ្លួនឯងមានភាពខ្លាំងក្លាឡើងរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដូចជាបានរួមចំណែកជាតម្រិះប្រាជ្ញាប្រវត្តិសាស្ត្រដល់កំណែទម្រង់និងការធ្វើឱ្យប្រសើរឡើងនៃសណ្តាប់ធ្នាប់អន្តរជាតិផងដែរ។
ដូច្នេះ តើត្រូវធ្វើយ៉ាងដូចម្តេចទើបអាចផ្សព្វផ្សាយគោលការណ៍ ៥ ប្រការនៃការរួមរស់នៅដោយសនិ្តសហវិជ្ជមាន និងរួមគ្នាកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិក្រោមបរិបទថ្មី ? លោកXiJinpingប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សមភាពនៃអធិបតេយ្យភាព ចាក់គ្រឹះដ៏រឹងមាំសម្រាប់ការគោរពគ្នាទៅវិញទៅមក សម្រេចបាននូវទស្សនទានស្តីពីសន្តិភាពនិងសន្តិសុខ ប្រមូលផ្តុំកម្លាំងចលកដើម្បីកសាងវិបុលភាពជាមួយគ្នា ប្រកាន់ខ្ជាប់នូវទស្សនៈស្តីពីភាពសច្ចយុត្តិធម៌និងបង្ហាញពីទស្សនៈស្តីពីការបើកចំហនិងបរិយាបន្ន។ “គំនិតផ្តួចផ្តើមទាំង៦”នេះ មិនត្រឹមតែបង្ហាញពីខ្លឹមសារសំខាន់នៃគោលការណ៍ ៥ ប្រការនៃការរួមរស់នៅដោយសនិ្តសហវិជ្ជមានប៉ុណ្ណោះទេ ថែមទាំងក៏មានភាពប្រសើរឡើងថ្មីទៀតផង ។
ក្នុងនាមជាសមាជិកធម្មជាតិនៃ”សកលខាងត្បូង” លើកនេះ ភាគីចិនបានលើកឡើងនូវគំនិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបត្តិការប្រកបដោយភាពបើកចំហនិងបរិយាបន្នរបស់”សកលខាងត្បូង ហើយបានប្រកាសពីវិធានការចំនួន៨ដើម្បីគាំទ្រកិច្ចសហប្រតិបត្តិការនៃ”សកលខាងត្បូង” ដែលពាក់ព័ន្ធនឹងវិស័យជាច្រើន ដូចជាការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូររវាងយុវជន ការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្មសេរី កិច្ចសហប្រតិបត្តិការផ្នែកកសិកម្ម និងសេដ្ឋកិច្ចឌីជីថលជាដើម។ ប្រការនេះបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ភាគីចិនក្នុងការជំរុញការស្តារនិងអភិវឌ្ឍ”សកលខាងត្បូង” ដែលបានបំពេញបន្ថែមនូវកម្លាំងចលកថ្មីដល់ការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសអភិវឌ្ឍន៍ ក៏ដូចជាជំរុញវឌ្ឍនភាពរបស់មនុស្សជាតិ។
នាពេលបច្ចុប្បន្ននេះ ប្រទេសចិនបាននិងកំពុងជំរុញដោយគ្រប់ជ្រុងជ្រោយនូវការកសាងប្រទេសដ៏ខ្លាំងក្លា និងការស្តារភាពរុងរឿងនៃប្រជាជាតិចិនឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ហើយក៏ស្វាគមន៍បណ្តាប្រទេសនានារួមដំណើរស្របជាមួយការអភិវឌ្ឍដោយល្បឿនលឿនរបស់ចិន ដើម្បីសម្រេចបាននូវការអភិវឌ្ឍរួមគ្នា៕
ដោយ ៖ សិលា