ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់បុគ្គលិកនិងសន្តិសុខ ខណៈមានបុរសម្នាក់គាំងបេះដូងស្លាប់ក្នុងបន្ទប់កាស៊ីណូដាយអឹមែន ហេងហេង១នៅក្នុងក្រុងបាវិត សង្ស័យប្រើប្រាស់សារធាតុញៀន។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា បុរសខាងលើមានឈ្មោះតា វាំងជុង (TAQUANG TRUNG) អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម មានស្រុកកំណើតនៅប្រទេសវៀតណាម បច្ចុប្បន្នស្នាក់នៅបន្ទប់លេខ៥០៥ ជាន់ទី៥ អគារ២៥ ក្នុងបរិវេណក្រុមហ៊ុនកាស៊ីណូ ដាយអឹមែនហេងហេងស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពបន្តថា នៅវេលាម៉ោង០៨:៣០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានទទួលព័ត៌មានពីជំនួយការរដ្ឋបាលក្រុមហ៊ុនបាវិតដាយអឹមែន(ហេងហេង១) ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត បានរាយការណ៍មកសមត្ថកិច្ចយើងថា៖មានករណីជនជាតិវៀតណាមស្លាប់នៅក្នុងបរិវេណក្រុមហ៊ុនបាវិតដាយអឹមែន(ហេង ហេង១)។
កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិត កម្លាំងជំនាញស្នងការដ្ឋានខេត្ត លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងជំនួយការ ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់,កម្លាំងជំនាញការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ និងលោកវេជ្ជបណ្ឌិត សំបូរ សារឹមភីសុភាព សមាជិកគណ:កម្មការកោសល្យវិច័យ នៃមន្ទីរពេទ្យបង្អែកជីភូ ដោយមានការសម្របសម្រួលនីតិវិធីពីលោកឡាយ ជុង ហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះពិនិត្យសាកសពនិងស្រាវជ្រាវដល់កន្លែងកើតហេត។
ជាលទ្ធផលនៃការពិនិត្យសាកសព៖
ពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ថាជារឿងឃាតកម្មនោះទេ ខណៈគ្រូពេទ្យជំនាញនិងសមត្ថកិច្ចបានបូមទឹកមូត្រពីសាកសព ដើម្បីធ្វើតេស្តរកសារធាតុញៀនឃើញថា វីជ្ជមាន(+) សារធាតុញៀនប្រភេទម៉ូហ្វីន។
តាមការស្ដាប់ចម្លើយសាក្សីបំភ្លឺ ការឆែកវីដេអូក្នុងកាមេរ៉ាសុវត្ថិភាព និងលោកគ្រូពេទ្យជំនាញ និងសមត្ថកិច្ចជំនាញសន្និដ្ឋានបានថា៖ សាកសពស្លាប់ ដោយសារគាំងបេះដូង (heart Affack) បណ្ដាលមកពីការប្រើប្រាស់សារធាតុញៀនប្រភេទម៉ូហ្វីន(MOPHINE) លើសកម្រិត។
បច្ចុប្បន្នដោយមានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ទោស្នងការនគរបាលខេត្ត និងមានការឯកភាពពីលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត សាកសពបានបញ្ជូនតាមរថយន្ដយកទៅប្រគល់ជូនកម្លាំងជំនាញការិយាល័យពិនិត្យវិភាគកន្លែងកើតហេតុ នៃនាយកដ្ឋានបច្ចេកទេសនិងវិទ្យាសាស្ត្រ រក្សាទុកនៅសាលរក្សាសពវត្តស្ទឹងមានជ័យ ដើម្បីបន្តតាមច្បាប់ ៕
ដោយ៖ សុថាន