ក្រុមការពារតំណែងជើងឯកអុីតាលីបានធ្លាក់ចាកចេញពីការប្រកួតយូរ៉ូឆ្នាំ២០២៤ត្រឹមវគ្គ១៦ក្រុម ខណៈដែលការបង្ហាញខ្លួនដ៏ល្អរបស់ស្វ៊ីសបានជួយពួកគេឡើងវគ្គ៨ក្រុមចុងក្រោយជាមួយនឹងការឈ្នះ២ទល់០លើអុីតាលីកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ មិថុនា ២០២៤នេះ។
ក្រុមជម្រើសជាតិស្វ៊ីសបានគ្រប់គ្រងបាល់តាំងពីដើមដំបូង និងបាននាំមុខ១គ្រាប់មុន នៅពេលដែល Ruben Vargas បានបញ្ជូនបាល់ឲ្យកីឡាករ Remo Freuler ស៊ុតផុតដៃអ្នកចាំទីអុីតាលី Gianluigi Donnarumma នៅនាទីទី៣៧។
កីឡាករ Vargas ដែលកំពុងលេងនៅក្លិបអាឡឺម៉ង់ Augsburg រកបានគ្រាប់ទី២ត្រឹមតែ២៧វិនាទីប៉ុណ្ណោះក្នុងតង់ទីពីរ នៅពេលដែលគាត់បានទទួលបាល់ពីការបញ្ជូនរបស់ Michel Aebischer នៅជិតជ្រុងខាងឆ្វេងនៃតំបន់គ្រោះថ្នាក់របស់អុីតាលី ហើយបានស៊ុតបំប៉ោងសំណាញ់ទីបានសម្រេចតែម្តង។
អុីតាលីមិនអាចគ្រប់គ្រងការស៊ុតបញ្ចូលទីបានទេរហូតដល់នាទីទី៧៣ ពេលដែលកីឡាករអុីតាលីមានឱកាសម្តង ប៉ុន្តែនៅតែមិនអាចបំប៉ោងសំណាញ់ទីក្រុមស្វ៊ីសបាន។ ជាមួយគ្នានេះកីឡាករ Gianluca Scamacca បានព្យាយាមស៊ុតពីចម្ងាយចំគោលដៅ ប៉ុន្តែ Azzurri នៅតែសង្គ្រោះបាល់នេះបាន។
ខណៈពេលដែលពួកគេបានយកឈ្នះក្រុមម្ចាស់ការពារតំណែងជើងឯក អ្នកគាំទ្រស្វ៊ីស បានស្រែកហ៊ោជាមួយនឹងក្តីអបអរសាទរយ៉ាងខ្លាំង ដែលស្វ៊ីសបានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយសម្រាប់ព្រឹត្តិការណ៍យូរ៉ូ២០២៤នៅអាល្លឺម៉ង់ឆ្នាំនេះ។
នេះគឺជា Euro ទីពីរជាប់ៗគ្នាដែលពួកគេឈានដល់វគ្គ៨ក្រុមចុងក្រោយ របស់ស្វ៊ីស ដែលបានចាញ់អេស្ប៉ាញដោយបាល់ប៉េណាល់ទីកាលពីលើកមុន ហើយពួកគេនឹងក្លាយជាគូប្រជែងដ៏ខ្លាំងសម្រាប់ការប្រកួតបន្ទាប់។
ស្វ៊ីសបានខកខានក្នុងវគ្គជម្រុះសម្រាប់ World Cup 2018 និង 2022។
ការប្រកួតវគ្គ៨ក្រុមចុងក្រោយរបស់ស្វ៊ីសនឹងធ្វើឡើងនៅថ្ងៃទី៦ ខែកក្កដាខាងមុខ ដោយស្វ៊ីសត្រូវប៉ះ អង់គ្លេស ឬស្លូវ៉ាគី ៕
ដោយ៖ ភារៈ (រូបភាព ៖ EURO2024)