ព័ត៌មានទាន់ហេតុការណ៍៖

បារាំងចាប់ផ្តើមបោះឆ្នោតជុំទីមួយ នៃការបោះឆ្នោតសភាមុនអាណត្តិ

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០២៤ បានផ្សាយថា នៅថ្ងៃអាទិត្យនេះ ប្រជាជនបារាំងនឹងត្រូវបោះឆ្នោត ក្នុងជុំដំបូងនៃការបោះឆ្នោតសភាមុនអាណត្តិ ដែលអាចនឹងលេចចេញនូវ រដ្ឋាភិបាលស្តាំនិយមជ្រុលជាលើកដំបូង គិតចាប់តាំងពីសម័យសង្រ្គាមលោកលើកទី២។
ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបង្កឱ្យមានការនឹកស្មានមិនដល់ នៅពេលដែលរូបលោកបានសម្រេចប្រកាសឱ្យមានការបោះឆ្នោតមុនអាណត្តិខាងលើនេះ ក្រោយបក្សកណ្តាលនិយមរបស់លោកបានទទួលបរាជ័យយ៉ាងអាម៉ាស់នៅក្នុងការបោះឆ្នោតសភាអឺរ៉ុប នាខែមិថុនានេះ ក្រោមថ្វីដៃរបស់បក្សស្តាំនិយមជ្រុល National Rally (RN) របស់លោកស្រី Marine Le Pen ដែលមាននិន្នាការរិះគន់សហភាពអឺរ៉ុប និងប្រឆាំងជនអន្តោប្រវេសន៍។
ការបោះឆ្នោតនឹងចាប់ផ្តើមនៅម៉ោង ០៦៖០០ GMT រួចបញ្ចប់ទៅវិញនៅម៉ោង ១៦៖០០ GMT តាមក្រុង-ទីក្រុងតូចៗ និងនៅម៉ោង១៨៖០០ GTM តាមទីក្រុងធំៗ។ ការបោះឆ្នោតសភាបារាំងជុំទី២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៧ ខែកក្កដា នៅតាមមណ្ឌលបោះឆ្នោតណាដែលមិនមានបេក្ខជនណាមួយទទួលបានសំឡេងគាំទ្រលើស ៥០ភាគរយ ក្នុងការបោះឆ្នោតជុំទី១។ សភាបារាំងមានអាសនៈ សរុបចំនួន៥៧៧អាសនៈ។
កាលពីថ្ងៃពុធសប្តាហ៍នេះ លោកស្រី Le Pen បាននិយាយថា គណបក្ស RN នឹងឈ្នះបានសំឡេងភាគច្រើនដាច់ខាត ហើយមនុស្សរបស់លោកស្រី គឺលោក Jordan Bardella វ័យត្រឹម២៨ឆ្នាំ នឹងក្លាយជានាយករដ្ឋមន្រ្តីបារាំង។ ប្រសិនបើបែបនោះមែន ការទូតនៃប្រទេសបារាំង នឹងឆ្ពោះទៅរកពេលវេលាមិននឹងនមួយ ដែលមិនធ្លាប់មានពីមុនមក ដោយលោក Macron ដែលធ្លាប់បាននិយាយថា នឹងបន្តអាណត្តិប្រធានាធិបតីរបស់លោក រហូតដល់ទីបញ្ចប់ នៅឆ្នាំ២០២៧ ហើយនិងលោក Bardella មុខជានឹងត្រូវប្រជែងសិទ្ធិគ្នា ដើម្បីធ្វើជាសំឡេងតំណាងឱ្យបារាំង។ លោក Bardella បានឱ្យតំរុយខ្លះៗរួចហើយថា រូបលោកនឹងតវ៉ាជាមួយលោក Macron ជុំវិញបញ្ហាសកលផ្សេងៗ។
យោងតាមលទ្ធផលស្ទង់មតិកន្លងមក គណបក្ស RN នឹងនាំមុខក្នុងសំឡេង៣៣-៣៦ភាគរយ នៃសន្លឹកឆ្នោតដែលបានបោះដោយប្រជាជន ខណៈក្រុមឆ្វេងនិយម New Popular Front នឹងស្ថិតនៅលេខរៀងទី២ ជាមួយសំឡេង២៨-៣១ភាគរយ ចំណែកឯក្រុមកណ្តាលនិយមរបស់លោក Macron គឺនៅលេខ៣ ជាមួយសំឡេង២០-២៣ភាគរយ៕ ដោយ៖ ធីរីណា

រូប​ថត​៖ tienphong


ចែករំលែក៖