ខេត្តកំពង់ចាម ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ៖ ដើម្បីបង្កើនល្បឿនអភិវឌ្ឍន៍វិស័យកសិកម្ម និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាកសិករ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលរួមមានការលើកស្ទួយផលិតកម្ម រកទីផ្សាររក្សាលំនឹងតម្លៃកសិផលសំខាន់ក្នុងកម្រិតសមរម្យ ការដាក់ចេញពង្រាយមន្រ្តីកសិកម្មឃុំ ការរក្សាអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដែលថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានកំពុងខិតខំប្រឹងប្រែងជំរុញអនុវត្តន៍ប្រកបដោយស្មារតីទទួលខុសត្រូវ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា បច្ចុប្បន្នមន្រ្តីកសិកម្មឃុំចំនួន ២៥០នាក់បានឆ្លងកាត់ការប្រឡងជ្រើសរើសដោយតម្លាភាព យុត្តិធម៌កាលពីចុងឆ្នាំ២០២៣ និងកំពុងបន្តយ៉ាងសកម្មនៅតាមមូលដ្ឋានរបស់ពួកគេ ហើយរាជរដ្ឋាភិបាលនឹងគ្រោងរើសបន្ថែមទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «ទិវាមច្ឆាជាតិនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម» នៅព្រឹកថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ២០២៤។
នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាពែត បានលើកឡើងថាសុខភាពពលរដ្ឋគឺជារឿងសំខាន់ ដែលរដ្ឋត្រូវយកចិត្តទុកដាក់។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថា ៖ ជីវភាពរបស់ពលរដ្ឋគឺជារឿងសំខាន់ហើយតែអ្វីដែលសំខាន់ទៀតនោះគឺសុខភាព ខណៈសម្ដេចបានលើកឡើងអំពីកាតព្វកិច្ចរបស់រដ្ឋាភិបាលក្នុងការធ្វើយ៉ាងណាធានាទៅដល់បន្លែនិងសាច់សុវត្ថិភាពដល់ពលរដ្ឋ។
សម្ដេចធិបតី បន្តថា៖ «ជាពិសេសគឺវិធីសាស្ត្រក្នុងការដាំដុះដឹងចិញ្ចឹមដើម្បីកាត់បន្ថយគីមីបានច្រើន។ ព្រោះនេះបន្តិចម្ដងៗពីបង្កើតនៅបញ្ហាច្រើនណាស់»។
សូមបញ្ជាក់ថា ៖ ឆ្នាំ២០២៤នេះ ក្រសួងកសិកម្មរៀបចំទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩ នៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុងនោះត្រីមេពូជ កូនត្រី និងវារីសត្វសរុបជាង ២០ប្រភេទ ចំនួនប្រមាណ ១.៥លានក្បាល ដូចជាត្រីប្រា ត្រីពោ ត្រីឆ្ពិន ត្រីកាហែ ត្រីគល់រាំង បង្កងទឹកសាប អណ្តើក កន្ធាយ។ល។ នឹងត្រូវលែង ចូលទៅក្នុងបឹងនេះ។
បឹងធំនេះមានទំហំ និងជម្រៅសមស្របដែលអាចរក្សាទឹកនៅរដូវប្រាំង មានតួនាទីផ្តល់ជាប្រភពទឹកដ៏សំខាន់សម្រាប់ ការធ្វើ កសិកម្ម រក្សាទុកត្រីមេពូជសម្រាប់បន្តពូជ និងផ្តល់ប្រភពស្បៀងអាហារជាមូលដ្ឋាន សម្រាប់ប្រជាពលរដ្ឋក្នុង តំបន់នេះ ជាពិសេសសហគមន៍នេសាទទាំង៤ (សហគមន៍វិហារធំ សហគមន៍សាមគ្គីឃុំមៀន សហគមន៍បឹង ក្បាលក្រពើ និងសហគមន៍រកាគយ) ដែលមានប្រជានេសាទចំនួន ១,៧៦៥នាក់ និងប្រជាពលរដ្ឋរាប់ម៉ឺននាក់ ផ្សេងទៀតដែលពឹងពាក់លើផលនេសាទសម្រាប់ជាអាហារមូលដ្ឋានប្រចាំថ្ងៃ៕
ដោយ ៖ សិលា