ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ ដើម្បីអភិរក្សធនធានធម្មជាតិទុកឱ្យកូនចៅជំនាន់ក្រោយ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ គណៈកម្មាធិការអន្តរក្រសួង ដើម្បីទប់ស្កាត់បទល្មើសនេសាទនៅបឹងទន្លេសាប ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងបង្កើនការទប់ស្កាត់ការនេសាទខុសច្បាប់ ជាពិសេសក្នុងរដូវបិទនេសាទដែលត្រីកំពុងពងកូន ព្រមទាំងចាត់វិធានការណ៍ម៉ឺងម៉ាត់ចំពោះការផលិត និងការចែកចាយ និងការប្រើប្រាស់ឧបករណ៍នេសាទដែលមានលក្ខណៈបំផ្លិចបំផ្លាញខ្លាំង ដូចជាឧបករណ៍ឆក់ និងស្បៃមុង ជាដើម។ 

ទន្ទឹមនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យបង្កើនការផ្សព្វផ្សាយអប់រំ និងជំរុញការចូលរួមពីប្រជាពលរដ្ឋក្នុងការអភិរក្ស និងការធានានិរន្តរភាពធនធានជលផលសម្រាប់កូនចៅជំនាន់ក្រោយរបស់យើងផងដែរ។

សម្តេចធិបតី បានថ្លែងដូចនេះ នៅថ្ងៃទី ៧ ខែកក្តដា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីទិវាមច្ឆាជាតិ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តការពារ និងទប់ស្កាត់រាល់ការបំផ្លាញ ដីព្រៃលិចទឹក នៅជុំវិញបឹងទន្លេសាប និងបទល្មើសធនធានធម្មជាតិដទៃទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវ ឲ្យអាជ្ញាធរមូលដ្ឋាន, មន្ត្រី និងប្រជាពលរដ្ឋរបស់យើង ដើម្បីចូលរួមទប់ស្កាត់ ការកាប់ទន្ទ្រានព្រៃឈើលិចទឹក ដែលធ្វើឲ្យប៉ះពាល់ ទៅដល់ប្រព័ន្ធអេកូឡូស៊ី និងប្រព័ន្ធត្រីទឹកសាប, ការឈូសឆាយទ្រង់ទ្រាយធំ, ការប្រើប្រាស់ជីគីមីហួសហេតុ ដែលធ្វើឲ្យមិនត្រឹមតែ ធ្វើឲ្យអស់ព្រៃឈើសម្រាប់ព្រៃលិចទឹកទេ ប៉ុន្តែពេលទឹកឡើង វាទៅជាប្រភព នៅក្នុងការធ្វើឲ្យពុលត្រីស្លាប់តពូជ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ត្រូវហ៊ានអារកាត់ ដើម្បីធ្វើការទប់ស្កាត់ផលប្រយោជន៍របស់មនុស្សមួយចំនួនតូច ដើម្បីការពារផលប្រយោជន៍រួមរបស់ប្រទេសជាតិរបស់យើង ប្រព័ន្ធអេកូឡូស៊ីនៅជុំវិញបឹងទន្លេសាប ជម្រកត្រីពង និងរួមគ្នា ដើម្បីដាំដើមឈើឡើងវិញ ត្រូវបន្តធ្វើ ហើយធ្វើជាប់ជាប្រចាំ មិនចប់ទេ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ដាំផ្ញើផងដែរថា សូមកុំស្រមើស្រមៃថា រដ្ឋាភិបាល ធ្វើតែពេលនេះ ហើយដកថយទុកលំហរ ឲ្យធ្វើសកម្មភាពផ្ដេសផ្ដាស គឺអត់ទេ ៕

ដោយ ៖ សិលា


ចែករំលែក៖