ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតីប្រកាសគ្មានការលើកលែងអ្នកដែលប្រព្រឹត្តបទល្មើសធនធានធម្មជាតិ

ចែករំលែក៖

ខេត្តកំពង់ចាម៖ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសថា ៖ គ្មានការលើកលែងឡើយ ចំពោះអ្នកដែលប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ដើម្បីធានាការពារនិងអភិរក្សធនធានធម្មជាតិសម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងធានាដល់សន្ដិសុខស្បៀង។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ“ទិវាមច្ឆជាតិ” លើកទី១៩ ស្ថិតនៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា រាជរដ្ឋាភិបាលប្តេជ្ញាចិត្តការពារ និងទប់ស្កាត់រាល់ការបំផ្លាញដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប និងបទល្មើសធនធានធម្មជាតិដទៃទៀត។

សម្ដេចធិបតីបានផ្ញើសារថា កុំចង់សាកប្រព្រឹត្តបទល្មើសធនធានធម្មជាតិសម្តេចនឹងចាត់វិធានការគ្មានការលើកលែង ទោះបីជារដ្ឋាភិបាលមានភាពវ័យក្មេងក៏ដោយ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៖ យើងនៅបន្តធ្វើ បន្តថែរក្សា ដរាបណាបឹងទន្លេសាប នៅតែជាជម្រកត្រីពង នៅតែជាតំបន់ដែលត្រូវការពារ ប្រព័ន្ធអេកូឡូស៊ី ដើម្បីផលប្រយោជន៍ ប្រជាពលរដ្ឋទូទាំងប្រទេស។ រាជរដ្ឋាភិបាល ត្រូវមានកាតព្វកិច្ចដាច់ខាត ដើម្បីការពារតំបន់នេះ ហើយយើងនឹងបន្តជាប្រចាំ។

បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ថា «សូមកុំចង់សាកល្បង គិតថា រដ្ឋាភិបាលថ្មីក្មេងៗអត់ហ៊ានធ្វើអ្វី ខ្ញុំសូមបញ្ជូនសារឲ្យហើយ យើងនឹងបន្តធ្វើ ព្រោះជាកាតព្វកិច្ច។ កាន់តួនាទីនៅក្នុងរដ្ឋ មិនថាក្មេង មិនថាចាស់ មានភារៈកិច្ច ដើម្បីការពារ និងអភិវឌ្ឍប្រទេសជាតិ ដោយចីរភាពសម្រាប់ទាំងអស់គ្នានេះ»៕

ដោយ ៖ សិលា


ចែករំលែក៖