ព័ត៌មានទាន់ហេតុការណ៍៖

ប្ដីញៀនថ្នាំនិងស្រាកាប់ប្រពន្ធទើបសម្រាលកូនបានមួយខែ៤កាំបិតបណ្ដាលឱ្យរងរបួសធ្ងន់

ចែករំលែក៖

ខេត្តបាត់ដំបង៖ ហេតុការណ៍អំពើហិង្សាមួយកើតឡើងដោយបុរសជាប្តីបានយកកាំបិត ផ្គាក់កាប់ទៅលើរាងកាយប្រពន្ធដែលទើបសម្រាលកូន០១ខែបណ្ដាលឱ្យរងរបួសធ្ងន់។ 

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅចំណុចក្រុមទី០៩ ភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បង្កឡើងដោយជនល្មើសជាប្ដីឈ្មោះ តុង ប៊ុនសុង ភេទប្រុស អាយុ៤៩ឆ្នាំ ជាមនុស្សប្រើប្រាស់ថ្នាំញៀន និងស្រាថ្នាំ ។

ជនរងគ្រោះជាប្រពន្ធឈ្មោះ យ៉ាត រដ្ឋា ភេទស្រី អាយុ ៤២ឆ្នាំ ទើបសំរាលកូនបាន០១ខែ នៅក្រោមផ្ទះត្រូវប្ដីកាប់ចំនួន០៤កាំបិត ចំក្បាលផ្នែកពីក្រោយចំហៀងខាងឆ្វេង០១កាំបិត សាច់ដុំស្មាខាងស្ដាំ០១កាំបិត ខ្នងខាងស្ដាំ ០១កាំបិត និងភ្លៅស្ដាំ០១កាំបិត។ បន្ទាប់មកបុរសជាប្ដីបានកាន់យកកាំបិតរត់គេចខ្លួនបាត់តែម្តង។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានសាច់ញាតិដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកឯជនដៃដល់ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថស្រុកកំពុងធ្វើការស្រាវជ្រាវនិងស៊ើបអង្កេតតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

ដោយ៖ សូរិយា


ចែករំលែក៖