ខេត្តពោធិ៍សាត់ ៖ ពហុកីឡដ្ឋានសម្តេចតេជោ សម្តេចតេជោក្រគរ ដែលមានផ្ទៃដីប្រមាណជាង២៥ ហិកតា ស្ថិតនៅភូមិថ្មី ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានធ្វើពិធីបើកការដ្ឋានសាងសង់ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោកជំទាវ លោក លោកស្រី ក្រុមប្រឹក្សាខេត្ត ក្រុមការងារថ្នាក់ជាតិ អាជ្ញាធរខេត្ត មន្ទីរ មន្ទីរ អង្ករភាព ជំនាញពាក់ព័ន្ធ ។
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងថា ពហុកីឡដ្ឋានសម្តេចតេជោក្រគរ ដែលបានបើកការដ្ឋានសាងសង់នាពេលនេះ ស្ថិតលើផ្ទៃដីប្រមាណជាង២៥ហិកតាត្រូវបានចាត់ទុកជាសមិទ្ធិផលដ៏ស្គឹមស្គៃ និងជាសំណងប្រវត្តិសាស្ត្រមួយ របស់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ក៏ដូចជាប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូល ក្នុងយុគសម័យទំនើប ។ ក្នុងន័យនេះយើងទាំងអស់គ្នាត្រូវខិតខំចូលរួមថែរក្សាមរតកជាតិឱ្យបានគង់ វង្សយូរអង្វែង និងប្រើប្រាស់ពហុកីឡដ្ឋានសម្តេចតេជោនេះ ដើម្បីសុខភាព សុខុមាលភាព របស់ប្រជាពលរដ្ឋ ទើបសម្តេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា សម្រេចបង្កើតពហុកីឡដ្ឋានជាគ្រឹះស្ថានសាធារណរដ្ឋបាល នៅក្នុងទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់យើង ។
លោក រដ្ឋមន្ត្រីបានលើកឡើងទៀតថា ចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានសម្រេចបង្កើតឱ្យមានពហុកីឡដ្ឋានសម្តេច តេជោក្រគរនេះ នេះជាទ្រព្យសម្បត្តិដ៏សម្បើមស្គឹមស្គៃទុកជាមរតកដ៏ថ្លៃថ្លាសម្រាប់ជាតិ និងប្រជាពលរដ្ឋទាំងបច្ចុប្បន្ន និងទៅថ្ងៃអនាគត ។ ការបង្កើតពហុកីឡដ្ឋានសម្តេចតេជោក្រគរនេះឡើង ពិតជាបានផ្តល់លទ្ធភាពឱ្យអង្គភាពរដ្ឋមួយអាចមានស្វ័យភាព និងធ្វើសកម្មភាពក្រសោបសម្រាប់អភិវឌ្ឍវិស័យកីឡានៅក្នុងខេត្ត ក្រៅខេត្តឱ្យកាន់តែរីកចម្រើនបន្ថែម ព្រោះថា ការបង្កើតពហុកីឡដ្ឋានគឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលជាបណ្តុំសហការគ្នានិងអភិវឌ្ឍន៍៍បន្តទៅរកភាពរីកចម្រើនកាន់តែ ខ្លាំងនាពេលខាងមុខ ។
លោក រដ្ឋមន្ត្រីរំលឹកទៀតថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ សម្តេចតេជោ បានផ្តល់កិត្តិយសជួបសំណេះសំណាលជាមួយកម្មករ កម្មការនី និងមន្ត្រីរាជការជាង២ម៉ឺននាក់ ដោយយកទីតាំងអតីវាលយន្តហោះសម្តេចយសនេះ(ជាកន្លែងគោរពិធី)។ នៅពេលនោះសម្តេចតេជោ បានប្រកាសឱ្យឯកឧត្តម(កែវ រតនៈ)កាលនោះជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា ឲ្យទៅជាទីកន្លែងពហុកីឡដ្ឋាន ដែលអាចធ្វើការប្រកួតកីឡាភូមិភាគខាងលិចនៃប្រទេសកម្ពុជា ។ ឆ្លងតាមអនុសាសន៍ដ៍ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន លោក បានសហការជាមួយរដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ បានកំណត់យកទីតាំងនេះ និងធ្វើការដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋចំនួន៥១គ្រួសារ និងសាលាបឋមសិក្សារួចរាល់ជាស្ថាពរ ទើបឈានដល់ការបើកការដ្ឋានសាងសង់នៅថ្ងៃនេះ។
លោក សង្ឃឹមថា ពហុកីឡដ្ឋាននេះនឹងផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន មកលើវិស័យកីឡា ដូចទិសស្លោក«កីឡានាំមកនូវសន្តិភាព»ព្រមទាំងបានចែកជូនវត្ថុកំដរដៃដល់អ្នកចូលរួមប្រមាណចំនួន៧២០នាក់ ក្នុងម្នាក់ៗអង្ករ ២០គីឡូក្រាម មី១កេស និងថវិកា៥ម៉ឺនរៀលផងដែរ ។ សូមបញ្ជាក់ថា ការសាងសង់ពហុកីឡដ្ឋានសម្តេចតេជោក្រគរ នៅលើផ្ទៃដីប្រមាណ២៥ហិកតា រួមមាន តារាងបាល់ទាត់ខ្នាតធំចំនួន២ តារាងបាល់ទាត់ខ្នាតតូចចំនួន៣ តារាងបាល់ទះ ចំនួន៦ តារាងបាល់បោះចំនួន៣ តារាងវាយសីចំនួន៤ ព្រមទាំងទីតាំងផ្សេងៗសម្រាប់លេងកំសាន្តជាច្រើនទៀត ៕
ដោយ៖ ប៉ឹម ពិន