ខេត្តត្បូងឃ្មុំ ៖ មន្ត្រីជំនាញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមួយរូបជាអ្នកត្រួតពិនិត្យ រងរបួសដាច់ដៃទាំង២ក្នុង ករណីគ្រោះថ្នាក់ដោយសារផ្ទុះសំបកគ្រាប់មិនទាន់ផ្ទុះនៃគ្រាប់កាំភ្លើងធំ៧៦មម ចំនួន១គ្រាប់ ។
តាមរយៈបណ្តាញសង្គម នាថ្ងៃទី២ខែកក្កដានេះ លោកហេង រតនា អគ្គនាយកស៊ីម៉ាក បានមានប្រសាសន៍ថា “ខ្ញុំពិតជាការសោកស្តាយបំផុតចំពោះករណីគ្រោះថ្នាក់ដោយសារផ្ទុះសំបកគ្រាប់មិនទាន់ផ្ទុះនៃគ្រាប់កាំភ្លើងធំ៧៦មម ចំនួនមួយគ្រាប់ បណ្តាលឱ្យមន្ត្រីជំនាញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមួយរូប ឈ្មោះ លឹម ទូច ជាអ្នកត្រួតពិនិត្យ បានរងរបួសជាទម្ងន់ដោយត្រូវពិការដៃទាំង២”។
គ្រោះថ្នាក់នេះកើតឡើងនៅថ្ងៃសៅរ៍ទី២៩ ខែមិថុនា ឆ្នាំ ២០២៤ នៅឃ្លាំងសុវត្ថិភាពនៃទីបញ្ជាការដ្ឋានអង្គភាពស៊ីម៉ាក់ស្ថិតនៅខេត្តត្បូងឃ្មុំ។
គិតត្រឹមថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះ លោកលឹម ទូច ត្រូវបានក្រុមគ្រូទេព្យឯកទេសនៃមន្ទីរពេទ្យខេត្តកំពង់ចាម បានធ្វើការវះកាត់ព្យាបាលដោយយកចិត្តទុកបំផុត និងបានចាប់ផ្តើមស្ថានភាពជីវិតសុវត្ថិភាពល្អឡើងវិញ។
អង្គភាពស៊ីម៉ាក់ផ្តល់ការគាំទ្រទាំងស្រុងសម្រាប់ការព្យាបាល ការស្តារលទ្ធភាពកាយសម្បទានបំពាក់ដៃសិប្បនិមិត្ត និងរក្សាការងារសមស្របសម្រាប់លោកលឹម ទូចនៅក្នុងអង្គភាព៕
ដោយ៖ សូរិយា