ខេត្តស្វាយរៀង៖ បុរសជនជាតិវៀតណាមម្នាក់ស្លាប់ក្នុងបរិវេណកាស៊ីណូ អូឡាងអូភី សង្ស័យប្រើប្រាស់សារធាតុញៀន បង្កការភ្ញាក់ផ្អើលដល់សន្តិសុខ នៅក្រុងបាវិត ។
យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ ថាច វ៉ាន់ធឿង (Thach van thuong) ជនជាតិវៀតណាម អាយុ២៤ឆ្នាំ កាន់លិខិតឆ្លងដែនលេខP01380249 មានស្រុកកំណើតនៅខេត្តកៅបាង ប្រទេសវៀតណាម បច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្ននៅបន្ទប់លេខ២០១ជាន់ទី២អគារB១ក្នុងបរិវេណកាស៊ីណូអូឡាងអូភី ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពបន្តថា នៅវេលាម៉ោង០០និង៤០នាទី ឈានចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលក្រុមហ៊ុនអូឡាងអូភី បានរាយការណ៍មកសមត្ថកិច្ចថា មានករណីជនជាតិវៀតណាមស្លាប់ខណ:ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយពីទទួលព័ត៌មានភ្លាមកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងជំនាញការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រីស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវេជ្ជបណ្ឌិត ស វិចិត្រ សមាជិកគណ:កម្មាការកោសល្យវិច័យ នៃមន្ទីរពេទ្យជីភូ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះទៅស្រាវជ្រាវដល់កន្លែងកើតហេតុ។
ជាលទ្ធផលនៃការពិនិត្យសាកសព៖ ការស្ដាប់ចម្លើយសាក្សីបំភ្លឺ និងលោកគ្រូពេទ្យជំនាញ សន្និដ្ឋានថាស្លាប់ដោយសារគាំងបេះដូងអាចបណ្ដាលមកពីការប្រើប្រាស់សារធាតុញៀនប្រភេទមេតំហ្វេតាមីន(MET),កញ្ឆា(THC)និងប្រភេទអ៉ិចស្តាស៊ី(MDMA)។
បច្ចុប្បន្ន ដោយមានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ទោស្នងការនគរបាលខេត្ត និងមានការឯកភាពពីលោក ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត សាកសពបានបញ្ជូនតាមរថយន្ដ យកទៅប្រគល់ជូនកម្លាំងជំនាញការិយាល័យពិនិត្យវិភាគកន្លែងកើតហេតុ នៃនាយកដ្ឋានបច្ចេកទេសនិងវិទ្យាសាស្ត្រ រក្សាទុកនៅសាលរក្សាសពវត្តស្ទឹងមានជ័យ បន្តទៀត ៕
ដោយ៖ សុថាន