ព័ត៌មានទាន់ហេតុការណ៍៖

ភាគខាងកើតប្រទេសចិនត្រូវជម្លៀសប្រជាជនជាង២៤០ ០០០នាក់ដោយសារព្យុះភ្លៀង

ចែករំលែក៖

សារព័ត៌មាន AFP បានដកស្រង់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃពុធ ទី៣ ខែកក្កដានេះបានរាយការណ៍ថា មនុស្សជាង ២៤០ ០០០នាក់ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព នៅឯភាគខាងកើតនៃប្រទេស ស្របពេលព្យុះភ្លៀងកំពុងលុកលុយតំបន់ជាច្រើន និងធ្វើឱ្យកម្ពស់ទឹកទន្លេ Yangtze រួមទាំងទន្លេដទៃទៀតហក់ឡើងខ្ពស់គួរឱ្យព្រួយបារម្ភ។
ទីភ្នាក់ងារសារព័ត៌មានចិន Xinhua បាននិយាយថា ព្យុះភ្លៀងបានបង្កផលប៉ះពាល់ដល់ប្រជាជន ៩៩១ ០០០នាក់ នៅក្នុងខេត្ត Anhui និងបង្ខំឱ្យអាជ្ញាធរជម្លៀសមនុស្ស ២៤២ ០០០នាក់ ទៅកាន់ទីទួលមានសុវត្ថិភាពគិតត្រឹមរសៀលថ្ងៃអង្គារម្សិលមិញ។ បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនដដែលនេះ គិតត្រឹមម៉ោង ៤រសៀល កាលពីថ្ងៃអង្គារ ព្យុះភ្លៀងបានបង្កការខូចខាតធ្ងន់ធ្ងរ នៅក្នុងតំបន់ និងស្រុកចំនួន៣៦នៅក្នុងខេត្ត Anhui ខណៈ Yangtze ដែលជាទន្លេវែងជាងគេបំផុតរបស់ចិន មានកម្រិតទឹកហក់ឡើងខ្ពស់លើសកម្រិតប្រកាសអាសន្ន ហើយអាចនឹងបន្តកើនឡើងថែមទៀត។
បន្ថែមពីលើនេះ ព្យុះភ្លៀងក៏បានធ្វើឱ្យទឹកទន្លេ ២០កន្លែង និងបឹង៦ផ្សេងទៀត នៅក្នុងខេត្ត Anhui ហក់ឡើងខ្ពស់លើសកម្រិតប្រកាសអាសន្នផងដែរ៕ ដោយ៖ ធីរីណា

រូប​ថត​៖ TTXVN


ចែករំលែក៖