ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋស្រុកក្រគរ! ការផាកពិន័យអន្តរកាលលើមធ្យោបាយដឹកជញ្ជូនលៀសមានភាពលំអៀង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋស្រុកក្រគរ បានឲ្យដឹងនាព្រឹកថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ តាមទូរស័ព្ទថា មន្ត្រីជំនាញរដ្ឋបាលជលផលខេត្តពោធិ៍សាត់ មានភាពលំអៀងក្នុងការផាកពិន័យ លើមធ្យោបាយដឹកជញ្ជូនលៀសក្រោយការបង្រ្កាបកាលពីប៉ុន្មានថ្ងៃមុន ។សេចក្ដីរាយការណ៍ដដែលឲ្យដឹងទៀតថា ការដែលមានភាពលំអៀងខាងលើនេះ ត្រង់ថា កាណូតបាឡាស្មាច់ចំនួន១៣គ្រឿង មានផ្ទុកលៀសសរុបប្រមាណចំនួន២៩០ការុង ដែលត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះធ្វើការបង្រ្កាប រួមទាំងរថយន្តចំនួន០២គ្រឿងផង ដែលមានផ្ទុកលៀសដូចគ្នាសរុបប្រមាណចំនួន៩០ការុង បញ្ជាក់មធ្យោបាយដឹកជញ្ជូន(កាណូត)មានផ្ទុកលៀសសរុបចំនួន២៩០ការុងនោះ ត្រូវបានសមត្ថកិច្ចជំនាញរដ្ឋបាលជលផល ធ្វើការផាកពិន័យអន្តរកាលរួចរាល់ហើយ ដោយតម្លៃសរុបចំនួន ៥.០០០.០០០រៀល(ប្រាំលានរៀលគត់)។ ចំណែកមធ្យោបាយដឹកជញ្ជូនលៀសត្រូវបានបង្រ្កាបដែរនោះ រហូតមកដល់ម៉ោងនេះកំពុងជជែកគ្នានៅឡើយ ដោយធ្វើការពិន័យច្រើនជាងខាងក្រុមកាណូត ដោយរថយន្ត១គ្រឿងៗចំនួន ៤.០០០.០០០រៀល(បួនលានរៀលគត់)ដូច្នេះ សរុបរថយន្តទាំង០២គ្រឿងតម្លៃសរុប ៨.០០០.០០០រៀល(ប្រាំបីលានរៀលគត់)ទៅហើយ ។ ពួកគាត់បានត្អូញត្អែបន្តទៀតថាគ្មានលុយច្រើនបែបនេះទេ ស៊ីឈ្នួលដឹកឲ្យគេក្នុងតម្លៃ ៧.៨ម៉ឺនរៀលប៉ុណ្ណោះក្នុង១ជើង ហើយការធ្វើការពិន័យនេះ ហាក់បីដូចជាខុសគ្នាឆ្ងាយបើប្រៀបធៀប រវាង ក្រុមមធ្យោបាយដឹកជញ្ជូន(កាណូត)នឹងរថយន្ត ម្យ៉ាងពួកគាត់នាំគ្នាទៅទិញគេទេលៀសនោះ ហើយក៏ពុំទាន់មានការបង្រ្កាបឬជាប់កិច្ចសន្យា និងធ្វើការអប់រំអ្វីនោះដែរ ។

គួររំលឹកថា កាលពីយប់ថ្ងៃទី២១.២២ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ កម្លាំងសមត្ថកិច្ចចម្រុះ បានធ្វើការបង្រ្កាបមធ្យោបាយ(កាណូត និងរថយន្ត)ដឹកជញ្ជូនលៀសជាក់ស្ដែង ដោយកាណូតចំនួន១៣គ្រឿង បង្រ្កាបនៅកណ្ដាលបឹងទន្លេសាប និងរថយន្ត០២គ្រឿងទៀត នៅមាត់ទឹក(កំពង់ដរ)នៃឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ពាក់ព័ន្ធករណីខាងលើ អ្នកសារព័ត៌មានមជ្ឈមណ្ឌលព័ត៌មាន(នគរវត្ត)បានទទួលការបញ្ជាក់ពីមន្រ្តីជំនាញផ្នែករដ្ឋបាលជលផលក្រគរ តាមទូរស័ព្ទនាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ នេះថា វត្ថុតាងនៅទាំងអស់នៅឡើយទេ កំពុងសុំគោលការណ៍ធ្វើការពិន័យអន្តរកាល ។
ដោយឡែកៈ នៅព្រឹកថ្ងៃដដែលនេះ យើងទទួលបានការពន្យល់បន្ថែមពីមន្រ្តីជំនាញខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ តាមបណ្តាញសង្គម(តេឡេក្រាម)ថា ក្រុមមធ្យោបាយដឹកជញ្ជូន(កាណូត)បានធ្វើការពិន័យរួចរាល់ហើយ ចំណែករថយន្តកំពុងបន្តនីតិវិធី ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖