ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់ ក្រុមប្រឹក្សាជាតិដើម្បីស្ត្រីលើកទឹកចិត្តស្ត្រីបន្តការសិក្សាឱ្យបានខ្ពស់ដើម្បីកាត់បន្ថយគម្លាតរវាងស្ត្រីនិងបុរស យ៉ាងហោចណាស់នៅក្នុងកម្រិតថ្នាក់បរិញ្ញាបត្រ ឱ្យស្ត្រីមានការសិក្សាបានខ្ពស់ដើម្បីដឹកនាំបានប្រសើរប្រកបដោយជោគជ័យ។
ក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំដោយ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ នៅវិមាន៧មករា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសទី១ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បាន មានប្រសាសន៍ថា ត្រូវខិតខំពង្រឹងអំណាចស្ត្រីលើបញ្ហាសេដ្ឋកិច្ចដែលកំពុងតែមានវឌ្ឍនភាពនេះ ព្រោះចំនួនស្ត្រីដែលគ្រប់គ្រងនៅក្នុងសេដ្ឋកិច្ចមានចំនួន៦៤% ហើយពលករស្ត្រីក៏មានចំនួនច្រើនរហូតដល់ទៅ៧៥% ដែលបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃតួនាទីរបស់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច ដែលក្នុងនេះសម្ដេចតេជោលើកឡើងថាត្រូវធ្វើការបន្ស៊ីគ្នារវាង អំណាចសេដ្ឋកិច្ច និងការអប់រំ គឺធ្វើយ៉ាងណាបង្កើនចំណេះដឹងដល់ក្រុមស្ត្រី ព្រោះតាមការសង្កេតការសិក្សានៅក្នុងបឋមសិក្សានិងមធ្យមសិក្សាគឺមិនសូវមានគម្លាតគ្នារវាងបុរស ស្ត្រី កុមារានិងកុមារី ទេ តែនៅក្នុងការសិក្សាកម្រិតឧត្តមសិក្សា ថ្នាក់បញ្ញា ឬបរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិត ចំនួនស្ត្រីមានការថយចុះ។
សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ធ្វើយ៉ាងណាត្រូវពង្រឹងការអប់រំឱ្យស្ត្រីបានបន្តការសិក្សាឱ្យបានខ្ពស់ ហើយសម្ដេចតេជោបានផ្ដល់អនុសាសន៍ថាត្រូវពង្រឹងអំណាចសេដ្ឋកិច្ចគួបផ្សំនឹងអំណាចចំណេះដឹង គឺត្រូវជំរុញយ៉ាងណាឱ្យស្ត្រីដែលកំពុងដឹកនាំក៏ដូចជាស្ត្រីដែលកំពុងសិក្សា ឱ្យបន្តជំនាញចំណេះដឹង ខាងបច្ចេកវិទ្យា ដើម្បីឱ្យគាត់អាចគ្រប់គ្រងទាន់សភាពការណ៍។
សម្ដេចតេជោ ហ៊ុន សែន បានណែនាំឱ្យខិតខំរកវិធីយ៉ាងណាដើម្បីកាត់បន្ថយគម្លាតរវាងស្ត្រីនិងបុរស យ៉ាងហោចណាស់នៅក្នុងកម្រិតថ្នាក់បរិញ្ញាបត្រ ឱ្យស្ត្រីមានការសិក្សាបានខ្ពស់ដើម្បីដឹកនាំបានប្រសើរប្រកបដោយជោគជ័យ។ សម្ដេចតេជោក៏បានផ្ដល់អនុសាសន៍ផងដែរថា គួរធ្វើការសិក្សាលើស្ត្រីដែលមានទោសនិងមានផ្ទៃពោះហើយជាពិសេសអ្នកដែលមានកូននៅជាមួយសូមឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើការពិភាក្សាដើម្បីរៀបចំយ៉ាងណាបានសម្រួលដល់ស្ត្រីទាំងនោះ ៕
ដោយ ៖ សិលា