ខេត្តរតនគិរី ៖ មានករណីឃាតកម្មួយបានកើតឡើងយ៉ាងរន្ធត់ ហើយសមត្ថកិច្ចនិយាយថាអាចជារឿងប្រច័ណ្ឌបណ្តាលឱ្យមនុស្ស៣នាក់ស្លាប់យ៉ាងអាណោចអាធ័មបំផុត។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១.០០នាទីរំលងអធ្រាត្រយប់ថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២៤នៅចំណុចអូរសុនតុង ស្ថិតក្នុងភូមិកាហល ឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគិរី ។
យោងតាមរបាយការណ៍របស់អធិការនគរបាលស្រុកអណ្តូងមាសបានឱ្យដឹងថាករណីឃាតកម្ម និងអត្តឃាត(ក្នុងបន្ទុកគ្រួសារ)ស្លាប់មនុស្សចំនួន៣នាក់នេះមាន៖ ទី១-ឈ្មោះ សល់ ញ៉ែង ភេទស្រីអាយុ ២៥ឆ្នាំ ( ប្រពន្ធ)។ ទី២-ឈ្មោះ សល់ ចាន់ធូ ភេទស្រី អាយុ ៧ ឆ្នាំ (កូន)។
ទី៣-ឈ្មោះ រចំ កេល ភេទប្រុស អាយុ៣៥ឆ្នាំ (ប្ដី)។
សមត្ថកិច្ចនគរបាលជំនាញបានធ្វើការសន្និដ្ឋានថា៖ ជនរងគ្រោះទាំង២នាក់ម្ដាយនិងកូន ពិតជាស្លាប់ដោយសារអំពើឃាតកម្ម(អារក)ប្រាកដមែន។
ចំណែកជនបង្កជាប្ដីជាឪពុកបន្ទាប់ពីធ្វើសកម្មភាពរួច បានស្លាប់ដោយសារធ្វើអត្តឃាត (ចងក)សម្លាប់ខ្លួន។
សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅចាត់ចែងតាមប្រពៃណី។
ករណីឃាតកម្មនិងអត្តឃាតនេះ តាម របាយការណ៍របស់សមត្ថកិច្ចនិងយោងតាមការបំភ្លឺរបស់សាក្សីជាច្រើននាក់ក្នុងនោះមាន ឈ្មោះ សល់ ផ្យឺត ភេទស្រី អាយុ៥៤ឆ្នាំ ជនជាតិទំពួន បាននិយាយថា មុនពេលកើតហេតុនៅថ្ងៃទី ២ខែកក្កដាឆ្នាំ២០២៤ វេលាម៉ោង ៧.០០ ព្រឹកពីរនាក់ប្ដីប្រពន្ធបាននាំគ្នាទៅដាំស្រូវនៅចម្ការ ពេលទៅដល់ចម្ការក៏អត់ឃើញកូនទាំងពីរមកដាំស្រូវ ហើយក៏មកតាមរកមើល ពេលមកដល់ផ្ទះចម្ការអត់ឃើញក៏ស្រែកហៅអត់មានអ្នកឆ្លើយតប ពេលនោះខ្លួនក៏ឡើងរុញទ្វារអត់បើកទេ រួចក៏ហៅប្ដីមកជួយបើកតែបើកអត់រួចពេលនោះក៏រត់ទៅហៅអ្នកនៅចៀរជ័រកៅស៊ូមកជួយ រុញទ្វារ ស្របពេលនោះក៏មានក្មួយនិងកូនរបស់នាងមកដល់ក៏រួញទ្វារចូល ឃើញកូនដេកស្លាប់ទាំងបីនាក់ក្នុងបន្ទប់ដេកទៅហើយ។
លោក សេវ វ៉ាង ភេទប្រុស អាយុ ៦៥ ឆ្នាំជនជាតិទំពួន បាននិយាយថា មុនពេលកើតហេតុនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៧.០០នាទីព្រឹក លោកពីរនាក់ប្រពន្ធបានធ្វើដំណើរពីភូមិក្រហល លុះមកដល់ចម្ការដែលលោកបានរស់នៅនិងខ្ទមចំណុចអូរសុនតុងភូមិកាហលពេលនោះលោកបានដើរមើលជុំវិញចម្ការក្រោយមកក៏បានឮប្រពន្ធលោកបានស្រែកហៅថាកូនយើងស្លាប់ហើយពេលនោះលោកក៏បានមកមើលលើផ្ទះហើយឈ្មោះសល់ ហាន ជាកូនបង្កើតរបស់ខ្ញុំបានធ្លាក់ទ្វារបន្ទប់ក៏បានឃើញកូននិងចៅស្លាប់មែន ហើយលោកបានបីចៅចេញពីបន្ទប់ចុះមកក្រោមមុខទ្វារផ្លូវចូលផ្ទះ។
លោកបន្តថា កាលពីមុនលោកធ្លាប់បានឮឈ្មោះរចំ កេល ជាកូនប្រសាបានគំរាមសម្លាប់ប្រពន្ធនិងកូនជាច្រើនដងហើយ កាលពី១០ថ្ងៃមុនថា បើទៅភូមិកាតែសម្លាប់ ទៅភូមិក្រហលក៏សម្លាប់ តែខ្ញុំមិនបានចាប់អារម្មណ៍ទេ ដោយសារតែរឿងប្រចណ្ឌ។
យោងតាមការបំភ្លឺរបស់ឈ្មោះ សល់ ហាន ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិទំពូន បាននិយាយថា កាលពី១០ថ្ងៃមុន បងថ្លៃខ្ញុំឈ្មោះរចំ កេល ធ្លាប់និយាយគំរាមសម្លាប់បងស្រីខ្ញុំ បើទៅតាមគាត់នៅខាងគាត់ភូមិកាតែ គាត់នឹងសម្លាប់ចោល បើគាត់មកតាមបងស្រីខ្ញុំ នៅភូមិកាហលគាត់ក៏សម្លាប់នៅភូមិកាហលនោះដែរ។
តាមរបាយការណ៍របស់មន្ត្រីបច្ចេកទេសវិទ្យាសាស្រ្តថា ទីកន្លែងកេីតហេតុស្ថិតនៅក្នុងផ្ទះចម្ការដែលកម្ពស់ពីដី៥០ស.ម ប្រក់សង្គ័សី ជញ្ជាំងបាំងស័ង្គសីពណ៌ក្រហម រនាបក្ដារ កន្លែងធ្វើសកម្មភាពនៅត្រង់កន្លែងដេកផ្នែកខាងក្រោយកម្ពស់១.៥០ស.ម. យើងឃេីញមានសាកសព២នាក់ដេកក្នុងថ្លុកឈាមកូននិងម្ដាយ សាកសពម្នាក់ទៀតចងកនៅក្នុងបន្ទប់ជាមួយគ្នា។ នៅទីនោះឃើញមានកាំបិតស្នៀតដងឈើចុងស្រួច០១ប្រឡាក់ឈាមបន្សល់នៅជិតជនរងគ្រោះដេក។
តាមការពិនិត្យសាកសព និងអំពីស្លាកស្នាម៖
ទី១ .ឈ្មោះ សល់ ចាន់ធូ ភេទស្រីអាយុ៧ឆ្នាំ ដេកលើក្ដារត្រង់មុខទ្វារផ្ទះ ស្លៀកខោអាវឈុតដៃខ្លី រូបតុក្កតាពណ៌ខៀវ ដេកក្បាលមកទិសខាងជើង គ្របក្រណាត់ក្រហម ជើងខាងឆ្វេងអង្កុញ ដៃទាំង២សន្តូកស្របនឹងដងខ្លួន។
មានស្នាមរបួសមួយកន្លែងត្រង់កប្រវែង១០ស.ម ជម្រៅដល់ឆ្អឹងកងក ក្រៅពីនេះពុំមានស្លាកស្នាមទៀតឡើយ។
ទី២.ឈ្មោះ សល់ ញ៉ែង ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ ដេកក្បាលទៅទិសខាងកើត កើយខ្នើយ ជើងទាំង២សន្តូកត្រង់ គ្មានអាវស្លៀកសារុងផ្កាពណ៌ក្រហម មានស្នាមរបួសមួយកន្លែងត្រង់កទំហំប្រវែង ១១ស.ម ជម្រៅដល់ឆ្អឹងកងក សភាពសាកសពរឹង។
ទី៣.សាកសពឈ្មោះ រចំ កេល ភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ ជាឃាតកដៃដល់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅត្រង់បន្ទប់ដេកជាមួយគ្នា។
សពស្លៀកខោខូវប៊យជើងវែងពណ៌ប្រផេះ គ្មានអាវ ចងនឹងខ្សែអង្រឹងសំប៉ែតពណ៌ត្រីអុី ប្រវែង២ម៉ែត្រ ចងនឹងផ្ទោងដំបូលផ្ទះ។
.នៅត្រង់កមានស្នាមជាំទ្រុឌទៅតាមទ្រង់ទ្រាយនែវង្វង់ខ្សែចង(រាងអក្សរU) មុខចំណងនៅពីក្រោយ អណ្ដាតលៀនចេញក្រៅធ្មេញ.ប្រដាប់ភេទមានចេញទឹករំអិល ក្រៅពីនេះពុំមានស្លាកស្នាមអ្វីឡើយ។
.សន្និដ្ឋាន៖ យោងតាមការពិនិត្យជុំវិញកន្លែងកើតហេតុនិងសាកសពខាងលើយើងអាចសន្និដ្ឋានថា ជនរងគ្រោះទាំង២នាក់ម្ដាយនិងកូនពិតជាស្លាប់ដោយសារអំពើឃាតកម្ម(អារក)ពិតប្រាកដមែន
ជនបង្ជាប្ដីជាឪពុកបន្ទាប់ពីធ្វើសកម្មភាពរួច បានធ្វើអត្តឃាត(ចងក)សម្លាប់ខ្លួនពិតប្រាកដមែន៕
ដោយ ជីវ័ន្ត