ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចឃុំខ្លួនឃាតកដែលច្របាច់កសម្លាប់សង្សារ

ចែករំលែក៖

ភ្នំពេញ ៖ ចៅក្រមសេុីបសួរសាលាដំបូងរាជធានីភ្នំពេញ លោកស្រី គឹម សុគន្ធា កាលពីព្រឹកថ្ងៃទី ០៣ ខែកក្ដដា ឆ្នាំ២០២៤នេះ បានចេញដីកាសម្រេចឃុំខ្លួនឃាតកដែលសម្លាប់សង្សារព្រោះប្រចណ្ឌ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ«ឃាតកម្ម» (  យកដៃច្របាច់កសម្លាប់ ) តាមមាត្រា១៩៩នៃក្រមព្រហ្ម

ទណ្ឌ ។

ជនដៃដល់ដែលតុលាការសម្រេចឃុំខ្លួននេះឈ្មោះ ចាន់ ដាលីន អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកភោជនីយដ្ឋាន ស៊ីក នេតឈ័រ កូហ្វីលអេនផាប  ។

សូមរំលឹកថា អំពើឃាតកម្មនោះបានកើតឡើងកាលពីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤  នៅចំណុចបន្ទប់ជួលគ្មានលេខជាន់ទី១ ទីតាំលេខ២៣ ផ្លូវលេខ២៨៧ ភូមិ១១ ក្រុម៤១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបង្កដោយជនល្មើសច្របាច់កសម្លាប់សង្សារខ្លួនឯង។

ក្រោយកើតហេតុ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានសហការស្រាវជ្រាវជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានកំណត់ទីតាំងលាក់ខ្លួន និងឈានដល់ការចាប់ខ្លួន នៅយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចមុខវិទ្យាល័យអង្គរ ក្រុងសៀមរាប ខេត្តសៀមរាបតែម្ដង ។

ជនល្មើសឈ្មោះ  ចាន់ ដាលីន អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកភោជនីយដ្ឋាន ស៊ីក នេតឈ័រ កូហ្វីលអេនផាប បានសារភាពថា មូលហេតុដែលខ្លួនសម្លាប់សង្សារព្រោះរឿងប្រចណ្ឌប៉ុណ្ណោះ ។

ដោយឡែក សពជនរងគ្រោះឈ្មោះ សួន មករា ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែ មុខរបរបុគ្គលិកភោជនីយដ្ឋាន ស៊ីក នេតឈ័រ កូហ្វីលអេនផាប ស្នាក់នៅបន្ទប់កើតហេតុខាងលើជាមួយគ្នា ។

មាត្រា១៩៩នៃក្រមព្រហ្មទ័ណ្ឌបានចែងនិងកំណត់អោយផ្ដន្ទាទោសជនត្រូវចោទដាក់ពន្ធនាគារពី១០ ទៅ ១៥ឆ្នាំ ៕ ដោយ រ៉ារ៉ា


ចែករំលែក៖