ភ្នំពេញ ៖ បុគ្គលដែលនាំចូល ផ្គត់ផ្គង់ និងចែកចាយគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ ដោយពុំមានការអនុញ្ញាត នឹងត្រូវទទួលទោស ស្របតាមច្បាប់ស្តីពីទូរគមនាគមន៍ ។ តាមរយៈសេចក្តីជូនដំណឹង ដែលបានចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានស្នើដល់សាធារណជនចូលរួមរាយការណ៍មកនិយ័តករទូរគមនាគមន៍កម្ពុជា ករណីបានដឹងពីការលក់ ការចែកចាយ ការដំឡើង ឬការប្រើប្រាស់ឧបករណ៍ និងសេវាទូរគមនាគមន៍ខុសច្បាប់ តាមរយៈលេខទូរស័ព្ទ ៦៧៨៩ ឬផ្ញើសារមកកាន់អ៊ីម៉ែល info@trc.gov.kh ដោយនិយ័តករទូរគមនាគមន៍កម្ពុជានឹងរក្សាការសម្ងាត់ជូន។
ការស្នើនេះធ្វើឡើងតាមរយៈសេចក្ដីជូនដំណឹងរបស់និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) ស្តីពីការនាំចូល ការផ្គត់ផ្គង់ និងការចែកចាយគ្រឿងសម្ភារបរិក្ខារ និងការប្រើប្រាស់សេវាទូរគមនាគមន៍ខុសច្បាប់។
ការចេញសេចក្ដីជូនដំណឹងនេះ ដោយសារនាពេលកន្លងមក មានបុគ្គលមួយចំនួនបានប្រើប្រាស់សេវាអ៊ីនធឺណិត ដែលផ្តល់ដោយក្រុមហ៊ុន Starlink ដែលជាក្រុមហ៊ុនពុំមានអាជ្ញាបណ្ណក្នុងការធ្វើប្រតិបត្តិការ និងផ្តល់សេវាអ៊ីនធឺណិតនៅប្រទេសកម្ពុជា ក៏ដូចជានាំចូលនិងចែកចាយឧបករណ៍ផ្តល់សេវាអ៊ីនធឺណិតក្លែងក្លាយ ហើយអះអាងថាជារបស់ក្រុមហ៊ុន Starlink ដែលធ្វើឱ្យប៉ះពាល់ដល់គុណភាពសេវាទូរគមនាគមន៍ និងសណ្តាប់ធ្នាប់សាធារណៈ។
ដើម្បីទប់ស្កាត់នូវការប្រើប្រាស់គ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ខុសច្បាប់ និងការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ និយ័តករទូរគមនាគមន៍កម្ពុជា បានរំលឹកដល់សាធារណជនដូចខាងក្រោម៖
– អ្នកប្រើប្រាស់មិនត្រូវដំឡើង និងប្រើប្រាស់ឧបករណ៍ផ្តល់សេវាអ៊ីនធឺណិតនានា ដែលពុំមានប្រភពច្បាស់លាស់ ឬជួលជាវសេវាអ៊ីនធឺណិតពីក្រុមហ៊ុន ដែលពុំមានអាជ្ញាបណ្ណពីនិយ័តករទូរគមនាគមន៍កម្ពុជាឡើយ។ បញ្ជីឈ្មោះប្រតិបត្តិករទូរគមនាគមន៍ ដែលបានទទួលអាជ្ញាបណ្ណស្របច្បាប់ ត្រូវបានធ្វើបច្ចុប្បន្នជាប្រចាំ និងអាចទាញយកបានពីគេហទំព័រផ្លូវការរបស់និយ័តករទូរគមនាគមន៍កម្ពុជា៖ www.trc.gov.kh។
– ក្រុមហ៊ុនដែលមានបំណងប្រតិបត្តិការនិងផ្តល់សេវាអ៊ីនធឺណិតនៅកម្ពុជា ត្រូវស្នើសុំអាជ្ញាបណ្ណពីនិយ័តករទូរគមនាគមន៍កម្ពុជា។ រាល់ការនាំចូល ផ្គត់ផ្គង់ និងចែកចាយគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ត្រូវស្នើសុំ និងទទួលការអនុញ្ញាតជាមុនពីនិយ័តករទូរគមនាគមន៍កម្ពុជា។
– បុគ្គលដែលធ្វើប្រតិបត្តិការនិងផ្តល់សេវាអ៊ិនធឺណិតដោយពុំមានអាជ្ញាបណ្ណពីនិយ័តករទូរគមនាគមន៍កម្ពុជា និងបុគ្គលដែលនាំចូល ផ្គត់ផ្គង់ និងចែកចាយគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ ដោយពុំមានការអនុញ្ញាតពីនិយ័តករទូរគមនាគមន៍កម្ពុជា នឹងត្រូវទទួលទោស ស្របតាមច្បាប់ស្តីពីទូរគមនាគមន៍៕
ដោយ ៖ សិលា