ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនបានមកទស្សនាថ្ងៃរះនៅប្រាសាទអង្គរ(មានវីដេអូ)

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ មានភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនបានមកទស្សនាថ្ងៃរះនៅប្រាសាទអង្គរ និងតំបន់ជាច្រើនទៀតនៅតំបន់រមណីយដ្ឋានសៀមរាប។

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ ប្រាសាទអង្គរវត្ត បានស្ថិតនៅលំដាប់លេខ ២ ក្លាយជាគោលដៅទេសចរណ៍ទាក់ទាញល្អបំផុតនៅតំបន់អាស៊ី ។

សូមជម្រាបជូនថា ៖ កន្លងទៅ លោក អ៊ឹម សុខរិទ្ធី អ្នកសិក្សាស្រាវជ្រាវ នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ៖ ព្រះអាទិត្យរះចំពីលើកំពូលកណ្តាល នៃប្រាសាទអង្គរវត្ត ឬព្រឹត្តិការណ៍សមរាត្រី តាមការសិក្សារបស់អ្នកស្រាវជ្រាវបានបង្ហាញថា ជារៀងរាល់ឆ្នាំសមរាត្រី(Equinox)តែងតែកើតមានពីរដងគឺនៅរដូវប្រាំង(VernalEquinox)កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា(Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។ សមរាត្រីជាវេលាដែលថ្ងៃ និងយប់មានរយៈពេលស្ទើរតែស្មើគ្នា។ ក្រៅពីនេះ ខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ហើយខ្លះទៀតយប់មានរយៈពេលវែងជាងថ្ងៃវិញ ជាករណីពិសេសនៅអង្គរវត្តវេលាថ្ងៃ និងយប់មានរយៈពេលស្មើគ្នានេះ ដែលព្រះអាទិត្យតែងតែរះទ្បើងចំកំពូលកណ្តាល នៃអង្គរវត្តនាព្រឹកព្រលឹមស្រាងៗ។
ដោយឡែកចំពោះសមរាត្រីរដូវប្រាំងនៅថ្ងៃទី២១ ខែមីនានេះ ព្រះអាទិត្យរះទ្បើងចំកំពូលកណ្តាល ដែលយើងអាចមើលឃើញពីក្លោងទ្វារកណ្តាលនៃគុកតារាជ (ក្លោងទ្វារធំខាងលិច)ចាប់ម៉ោង៥និង៥០នាទី ដល់ម៉ោងប្រហែល៧ព្រឹក។ តែទៅបីយ៉ាងណាក្ដី ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គឺអាស្រ័យលើអាកាសធាតុធាតុដែរបើអាកាសធាតុ អំណោយផលល្អអ្នកទេសចរអាចផ្តិតយករូបភាពរបស់ថ្ងៃរះជាមួយប្រាសាទអង្គរវត្តដ៏ស្អាតអស្ចារ្យនេះបាន។ លោកបានបញ្ជាក់ទៀតថា សម្រាប់ថ្ងៃទី២១ ខែមីនាឆ្នំានេះគឺអ្នកទេសចរអាចទស្សនាថ្ងៃរះចំកំពូលកណ្តាលនៃប្រាសាទអង្គរបានយ៉ាងដ៏ស្រស់ស្អាតព្រោះថា អាកាសធាតុមេឃស្រឡះល្អ។
ដោយឡែកថ្ងៃនេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានបង្ហាញនូវ វីដេអូ និងូបភាព ពីសកម្មភាព ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាថ្ងៃរះនៅប្រាសាទអង្គរ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ដែលមានច្រើននាក់ផងដែរ ហើយជាថ្ងៃរះធម្មតា ៕

ដោយ ៖ សិលា


ចែករំលែក៖