ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងរយៈពេល៦ខែឆ្នាំនេះ! ករណីគ្រោះថ្នាក់កើតឡើងជាង ១ពាន់លើក បណ្តាលឱ្យស្លាប់ចំនួន​ ៧៩៣នាក់

ចែករំលែក៖

ភ្នំពេញ​៖​ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤ គ្រោះថ្នាក់កើតឡើងចំនួន១,៥៣៤លើក (យប់៥៥%) បណ្តាលឱ្យស្លាប់ចំនួន៧៩៣នាក់ កើន៣៧នាក់ ស្មើ៥% (បុណ្យចូលឆ្នាំខ្មែរកើន១៥នាក់) និងរបួសចំនួន២,១១៦នាក់ (ធ្ងន់១,២៤៣នាក់) កើន៤៤នាក់ ស្មើ២%។ គ្រោះថ្នាក់បានកើតឡើងច្រើននៅរាជធានីភ្នំពេញ ចំនួន៤៥០លើក, ខេត្តកណ្តាល ចំនួន១៣០លើក និងខេត្តព្រះសីហនុ ចំនួន១២៩លើក។​ នេះបេី​យោង​តាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។

ក្នុងកិច្ចប្រជុំដកពិសោធន៍ការងាររឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា មូលហេតុបង្កគ្រោះថ្នាក់រួមមាន ល្បឿន៤០% មិនគោរពសិទ្ធិ២៤% មិនប្រកាន់ស្តាំ៩% បត់គ្រោះថ្នាក់៩% ប្រជែងគ្រោះថ្នាក់៧% កត្តាយាន៤% ស្រវឹង៣% ងងុយ១% ល្មើសសញ្ញាចរាចរណ៍១% កត្តាអាកាសធាតុ១% និងថ្មើរជើងឆ្លងផ្លូវ១%។

គ្រោះថ្នាក់បង្កដោយអ្នកជិះម៉ូតូ៤៩% អ្នកបើកបររថយន្តធុនស្រាល៣១% អ្នកបើកបររថយន្តធុនធ្ងន់១១% អ្នកបើកបរយានផ្សេងៗ៧% និងថ្មើរជើង១%។ ឯកឧត្តម អគ្គស្នងការ បានបន្ថែមថ ក្នុងចំណោមអ្នកស្លាប់ រួមមាន អ្នកជិះម៉ូតូចំនួន៧៩% ក្នុងនោះមិនពាក់មួកសុវត្ថិភាពចំនួន៦៧%។ គ្រោះថ្នាក់បានកើតឡើងច្រើននៅរាជធានីភ្នំពេញ ចំនួន៤៥០លើក, ខេត្តកណ្តាល ចំនួន១៣០លើក និងខេត្តព្រះសីហនុ ចំនួន១២៩លើក។

ជាមួយនឹងរបាយការណ៍ខាងលើ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបង្ហាញនូវការព្រួយបារម្ភជាខ្លាំង នៅពេលឃើញស្ថានភាពនៃការគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង ហើយភាគច្រើននៃអ្នកគ្រោះថ្នាក់សុទ្ធតែបាត់បង់ជីវិត និងគ្រោះថ្នាក់ធ្ងន់ធ្ងរតែម្ដង។

ឆ្លៀតនាឱកាសនោះ លោកនាយឧត្តមសេនីយ៍ ស ថេត បានដាក់បទបញ្ជាយ៉ាងម៉ឺងមាត់ដល់ស្នងការនគរបាលរាជធានី-ខេត្ត ត្រូវតែចាត់វិធានការបន្ទាន់ក្នុងការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ព្រោះលោក​ យល់ឃើញថា មានតែការរឹងបន្ដឹងច្បាប់ចរាចរណ៍នោះទេ ទើបអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បាន។​ លោកនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ កត់សម្គាល់ថា បើពឹងផ្អែកតែយន្ដការផ្សព្វផ្សាយ អប់រំ ច្បាស់ណាស់មិនអាចកាត់បន្ថយបានឡើយ៕

ដោយ​៖តារា​


ចែករំលែក៖