ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យចំនួន ០៤ នាក់ និងបក្ខពួក ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងលួច ប្រព្រឹត្តនៅចំណុចមុខក្លឹប «មីតណាយ»

ចែករំលែក៖

ភ្នំពេញ ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យចំនួន ០៤ នាក់ និងបក្ខពួក ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងលួច ប្រព្រឹត្តនៅចំណុចមុខក្លឹប «មីតណាយ» ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់ អ្នកនាំពាក្យ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញស្តីពី ការចោទប្រកាន់លើក្រុមក្មេងទំនើង ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងលួច ។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណី ក្រុមក្មេងទំនើងមានគ្នា ០២ ក្រុម បានធ្វើ សកម្មភាពដេញវាយគ្នាទៅវិញទៅមក នៅចំណុចមុខក្លឹបមីតណាយ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០១ និង ១០ នាទីអាធ្រាត ដោយ ក្រុមក្មេងទំនើងមានគ្នាចំនួន ០៧ នាក់បានយកដាវកែច្នៃចំនួន ០១ ដើម ដេញកាប់ទៅលើជនរងគ្រោះម្នាក់ដែលកំពុង អង្គុយលើម៉ូតូម្នាក់ឯង ដោយគិតថាជាបក្ខពួករបស់ក្រុមក្មេងទំនើងដែលមានទំនាស់ជាមួយពួកខ្លួន តែជនរងគ្រោះ ក៏បានរត់គេចខ្លួនចោលម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ ភ្នំពេញ 1FU-9252 និងពុំបានដកសោរទេ ឃើញដូច្នេះក្រុមក្មេងទំនើងខាងលើក៏បានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះជិះយកទៅ និងនាំគ្នាគេចខ្លួនអស់។ រហូតមកដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ សមត្ថកិច្ចក៏បានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ ចំនួន ០៤ នាក់ ១.ឈ្មោះ កុសល សុភា ភេទប្រុស អាយុ២០ឆ្នាំ ២.ឈ្មោះ អ៊ូច ហើម ភេទប្រុស អាយុ៣២ឆ្នាំ ៣.ឈ្មោះ ឆេង វិច្ឆិកា ភេទប្រុស អាយុ៣០ឆ្នាំ និង៤.ឈ្មោះ ជុំ រ័ត្ន ភេទប្រុស អាយុ២៥ឆ្នាំ ។ ចំណែកឯបក្ខពួកដែល ពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។

ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យចំនួន ០៤ នាក់ខាងលើ និងបក្ខពួក ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងលួច ប្រព្រឹត្តនៅចំណុចមុខក្លឹប មីតណាយ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២១៨ មាត្រា ៣៥៣ និងមាត្រា ៣៥៦ នៃក្រមព្រហ្មទណ្ឌ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕

ដោយ ៖ សិលា


ចែករំលែក៖