ព័ត៌មានទាន់ហេតុការណ៍៖

មេស៊ីម៉ាក់ពន្យល់ករណីខេត្តត្បូងឃ្មុំថា​”ជាខេត្តអស់មីន”​ ហេតុអ្វីបានជាគ្រាប់មីននៅតែមាននិងសម្លាប់ប្រជាជនទៀត?

ចែករំលែក៖

ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់នៅថ្ងៃទី ៤ខែកក្កដា​ ឆ្នាំ​២០២៤​ បានបកស្រាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា កាលពីថ្ងៃទី០១​ ខែកក្កដា​ ឆ្នាំ​២០២៤​ថ្មីៗនេះ​ មានករណីផ្ទុះគ្រាប់មីនតោន​ នៅភូមិត្រពាំងរំសែង​ ឃុំត្រពាំងប្លុង​ ស្រុកពញាក្រែក​ ខេត្តត្បូងឃ្មុំ​ បណ្តាលឱ្យបុរស​អាយុ៦៦ឆ្នាំម្នាក់ស្លាប់ដោយខ្ទេចសាកសពទាំងស្រុង​។

លោកអគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា គ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះបង្កឡើង​ នៅពេលជនរងគ្រោះជីករណ្តៅបោះបង្គោលរបងព្រំដីចម្ការរបស់គាត់។ ខ្ញុំសូមចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារសពនិងសូមបួងសួងជូនវិញ្ញាណក្ខន្ធសពបានទៅកាន់ទីឋានបរមសុខកុំបីឃ្លៀងឃ្លាតឡេីយ។

លោកហេង រតនា បានលើកឡើងថា តាមការស្រាវជ្រាវរបស់មន្ត្រីជំនាញអង្គភាពសុីម៉ាក់​បានរកឃើញថា ជាគ្រាប់មីនប្រឆាំងយានយន្តប្រភេទT46 សំណល់ពីសង្គ្រាម​ តំបន់នេះជាផ្លូវចាស់និងជាខ្សែកប់គ្រាប់មីននិងគ្រាប់បែកចង្កោមទម្លាក់ពីយន្តហោះផងដែរ។

លោកអគ្គនាយកបញ្ជាក់ថា “ប៉ុន្មានថ្ងៃនេះ​សាធារណជន​ ប្រជាពលដ្ឋ​ មន្ត្រីរាជការនៅក្នុងខេត្តត្បូងឃ្មុំ​មានការជជែកដេញដោលនិងវាយប្រហារថា​ ការប្រកាសខេត្តត្បូងឃ្មុំថា ”ជាខេត្តអស់មីន”​ ហេតុអ្វីបានជាគ្រាប់មីននៅតែមាននិងសម្លាប់ប្រជាជនទៀត? ខ្ញុំសូមឆ្លៀត ឱកាសនេះ​ ជម្រាបជូនជ្រាបថា​៖​ ការប្រកាសថា​ ភូមិ​ ឃុំ​ ស្រុក​ ខេត្តអស់មីន​ គឺសំដៅអស់គ្រាប់មីនប្រឆាំងមនុស្ស​គ្រប់ប្រភេទ (anti personnel landmines) ស្ថិតក្រោមអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា​និងនៅតាមគ្រប់ទីតាំងភូមិសាស្ត្រដែលបានដឹងដោយមានកំណត់ត្រាក្នុងទិន្នន័យជាតិតែប៉ុណ្ណោះ​។

មានន័យថា​ គ្រាប់មីនតោន​ គ្រាប់បែកចង្កោម​ គ្រាប់ទម្លាក់ពីយន្តហោះ​ គ្រាប់មិនទាន់ផ្ទុះ សំណល់សង្គ្រាមគ្រប់ប្រភេទជាសំណល់សង្គ្រាម​ មិនស្ថិតក្នុងនិយមន័យភូមិឃុំស្រុកខេត្តអស់មីននោះទេ​ ហើយសូម្បីតែគ្រាប់មីនប្រឆាំងមនុស្សដែលស្ថិតនៅរាយប៉ាយដោយគ្មានព័ត៌មាននិងកំណត់ត្រាក្នុងប្រព័ន្ធទិន្នន័យជាតិ​នោះក៏គ្មានក្នុងយុទ្ធសាស្ត្រប្រកាសអស់មីននេះដែរ!! “។

សម្តេចធិបតីបានយកចិត្តទុកដាក់បំផុតចំពោះសុខសុវត្ថិភាពប្រជាពលរដ្ឋនិងការអភិវឌ្ឍសង្គម។ ក្នុងន័យនេះ​ សម្តេចធិបតីបានបញ្ជាឱ្យអង្គភាពសុីម៉ាក់​ កង យោធពលខេមរភូមិន្ទ​ និងអាជ្ញាធរមីនធ្វើការស្រាវជ្រាវព័ត៌មានឱ្យគ្រប់ជ្រុងជ្រោយទាំងតំបន់រងផលប៉ះពាល់ដោយគ្រាប់មីនប្រឆាំងមនុស្សនិងសំណល់ជាតិផ្ទុះសង្គ្រាមគ្រប់ប្រភេទទាំងអស់ ប្រយោជន៍ដើម្បីជំរុញចលនាបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមទាំងអស់ ធានាម្ចាស់ការការពារសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋនិងការអភិវឌ្ឍសង្គមជាតិ៕

ដោយសុរិយា


ចែករំលែក៖