ខេត្តបន្ទាយមានជ័យ៖ អ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤នេះ សាលាដំបូងខេត្តបន្ទាយមានជ័យ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៩២២ ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ដែលបង្កដោយក្មេងទំនើងចំនួន០៤នាក់និងគូកនគឺ៖ ទី១.ឈ្មោះ កែវ វ៉ាន់ដា ភេទប្រុស កើតឆ្នាំ២០០៧ អាយុ១៧ឆ្នាំ សញ្ជាតិខ្មែរ (មានខ្លួន) ទី២.ឈ្មោះ អ៊ុំ សុថៃ ហៅធីន ភេទប្រុស កើតឆ្នាំ២០០៥ អាយុ១៩ឆ្នាំ សញ្ជាតិខ្មែរ (មានខ្លួន) ទី៣.ឈ្មោះ ដាំ ចាន់រឿង ហៅចយ ភេទប្រុស កើតឆ្នាំ២០០៧ អាយុ១៧ឆ្នាំ សញ្ជាតិខ្មែរ (មានខ្លួន) ទី៤.ឈ្មោះ កុសល់ រ៉ាវីត ភេទប្រុស អាយុ១៧ឆ្នាំ សញ្ជាតិខ្មែរ (គេចខ្លួន) និងទី៥.គូកន ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ “កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត កាលពីថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២៤ ប្រព្រឹត្តនៅចំណុចរង្វង់មូលស្រុកក្រឡាញ់ ខេត្តសៀមរាប បទល្មើសមានចែងនិងឱ្យផ្តន្ទាទោសតាមមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ។
អ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យ សូមបញ្ជាក់ថា ចំពោះករណីខាងលើនេះបង្កឡើងដោយក្មេង ទំនើងមួយក្រុមមានគ្នា០៤នាក់និងគូកន មានឈ្មោះ អ៊ុំ សុថៃ បើកម៉ូតូដឹកឈ្មោះ ដាំ ចាន់រឿង កាន់កាំបិតសាំម៉ូរ៉ៃដែកចំនួន១ដើម,ឈ្មោះ កុសល់ រ៉ាវីត បើកម៉ូតូដឹកឈ្មោះ កែវ វ៉ាន់ដា កាន់កាំបិតប៉័ងតោដែកចំនួន១ដើម និងកាំបិតដែកមួយទៀត ប្រវែងប្រហែល៣តឹកនិងគូកន បាននាំគ្នាទៅដើរលេងនៅស្រុកក្រឡាញ់ខេត្តសៀមរាប ពេលទៅដល់ចំណុចរង្វង់មូលក្រឡាញ់ឈ្មោះ ដាំ ចាន់រឿង បានស្រែកថា ពួកអាKL បើខ្លាំងចេញមក តែមិនមានអ្នកណាចេញមកទេ។
បន្ទាប់ពីបានធ្វើនីតិវិធីលើជនត្រូវចោទ០៣នាក់ និងបានពិនិត្យភស្តុតាងក្នុងសំណុំរឿង ចៅក្រមស៊ើបសួរនៃ សាលាដំបូងខេត្តបន្ទាយមានជ័យបានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជាបណ្ដោះអាសន្នលេខ៖ ៩៣៩,៩៤០,៩៤១ ព្រ.ទឆ”/២៤ ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ លើឈ្មោះ កែវ វ៉ាន់ដា, ឈ្មោះ អ៊ុំ សុថៃ ហៅច្រើន និងឈ្មោះ ដាំ ចាន់ រឿង ហៅចយ និងបានចេញដីកាស្រាវជ្រាវសាវតារលើជនត្រូវចោទ០១នាក់ និងគូកនខាងលើ ដើម្បីយកមកចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ តារា