ក្រុមហ៊ុនរថយន្តចិន BYD បានបើករោងចក្រផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃកាលពីថ្ងៃព្រហស្បតិ៍ (ទី 4 ខែកក្កដា) ដែលជារោងចក្រដំបូងរបស់ក្រុមហ៊ុនផលិតរថយន្តនៅអាស៊ីអាគ្នេយ៍ ហើយប្រទេសថៃជាទីផ្សាររថយន្ត អគ្គីសនី ក្នុងតំបន់ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនិងលេចធ្លោជាងគេ។
នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន BYD លោក Wang Chuanfu បាននិយាយនៅក្នុងពិធីបើកថា “ប្រទេសថៃមានចក្ខុវិស័យច្បាស់លាស់លើរថយន្ត អគ្គីសនី ហើយកំពុងឈានចូលយុគសម័យថ្មីនៃការផលិតរថយន្ត” ។ យើងនឹងនាំយកបច្ចេកវិទ្យាពីប្រទេសចិនមកកាន់ប្រទេសថៃ។”
រោងចក្រ BYD គឺជាផ្នែកមួយនៃការវិនិយោគជាច្រើនដែលមានតម្លៃជាង 1.44 ពាន់លានដុល្លារអាមេរិកពីក្រុមហ៊ុនផលិតរថយន្ត EV របស់ចិនដែលកំពុងបង្កើតរោងចក្រនៅក្នុងប្រទេសថៃ ដែលត្រូវបានជួយដោយការឧបត្ថម្ភធនរបស់រដ្ឋាភិបាល និងមានការបន្ធូរបន្ធយពន្ធផងដែរ។
នៅពេលជាមួយគ្នានេះ សហភាពអឺរ៉ុបបានដំឡើងពន្ធលើរថយន្តអគ្គិសនីរបស់ចិន ដោយពន្ធថ្មីលើក្រុមហ៊ុនផលិតរថយន្តចិនបានឡើងពី១០%ទៅដល់ 17.4% និងរហូតដល់ 37.6%។ ការដំឡើងពន្ធនេះធ្វើឲ្យតម្លៃរថយន្តរបស់ចិនកើនឡើងដែលនាំឲ្យអ្នកប្រើប្រាស់គ្នានលទ្ធផលភាពទិញរថយន្តរបស់ចិនឡើយ ហើយវាក៏ជាការវាយប្រហារខ្លាំងមួយទៅលើរដ្ឋាភិបាលក្រុងប៉េកាំងដែលកំពុងតែស្ថិតក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោនរួចទៅហើយ។ សហភាពអឺរ៉ុបគឺជាទីផ្សារក្រៅប្រទេសដ៏ធំបំផុតសម្រាប់ឧស្សាហកម្មអគ្គីសនី របស់ប្រទេសចិន។
គណៈកម្មការអឺរ៉ុបបានកំណត់បន្ថែមពន្ធលើក្រមហ៊ុនចិនចំនួនបីគឺ SAIC, BYD និង Geely ។
SAIC ត្រូវបានវាយប្រហារខ្លាំងជាងគេគឺត្រូវដំឡើងពន្ធ 37.6% ។ SAIC ដែលគ្រប់គ្រងដោយរដ្ឋគឺជាដៃគូចិនរបស់ក្រុមហ៊ុន Volkswagen និង General Motors ។ SAIC ក៏ជាម្ចាស់ក្រុមហ៊ុន MG ដែលផលិតរថយន្ត EV ដែលលក់ដាច់បំផុតនៅអឺរ៉ុបគឺ MG4 ៕
ដោយ៖ ភារៈ