ភ្នំពេញ ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់នៅរបស់គ្រូ ព្រមទាំងប្រគល់សញ្ញាបត្រជូនគរុសិស្ស-និស្សិត នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមុិញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឆ្លើយតបទៅនឹងការពង្រឹងវិស័យអប់រំថ្នាក់មូលដ្ឋាន ដោយស្នើឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដាក់ផែនការតាមសាលា ពង្រឹងសិស្សនៅថ្នាក់បឋមសិក្សាឱ្យចេះអាន ចេះសរសេរអក្សរសាស្ត្រជាតិ និងពង្រឹងគណិតវិទ្យាឱ្យខ្លាំងជាងភាសាបរទេស។
សម្ដេចធិបតីបានថ្លែងថា ដើម្បីឱ្យសិស្សចេះអានអក្សរនិងចេះបូកដកលេខបាន ថ្នាក់បឋមសិក្សា សូមកុំដាក់បញ្ចូលភាសាបរទេសច្រើនជាងភាសាខ្មែរនិងគណិតវិទ្យា ចាំដល់អនុវិទ្យាល័យទើបបង្កើនម៉ោងភាសាបរទេស ដើម្បីឱ្យសិស្ស មានមូលដ្ឋានចំណេះដឹងភាសាជាតិច្បាស់លាស់។
សម្ដេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា បើយើងថ្នាក់ទី១២ សរសេរអក្សរខ្មែរអត់ត្រង់ជួរផង សរសេរម៉េច បើថ្នាក់ទី១២ អត់ចេះគុណលេខបូកលេខផង អាងអី សម័យឥឡូវគេប្រើកុំព្យូទ័រ គេប្រើកាល់គូឡេទ័រហើយ បើមិនចេះបូកលេខទេ ចប់ហើយ ជឿខ្ញុំទៅ អាងកុំព្យូទ័រ កាល់គូឡេទ័រហ្នឹង មិនធានាគ្រប់ពេលទេ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏សូមលើកទឹកចិត្ដបន្ថែមឱ្យមានការចូលរួមពីសហគមន៍ ឪពុក-ម្ដាយ មាតាបិតា លោកគ្រូ-អ្នកគ្រូ និងគ្រប់ស្ថាប័នពាក់ព័ន្ធ សូមបន្ដជួយពង្រឹងការអប់រំនិងពង្រឹងការលើកទឹកចិត្ដដល់គ្រូបង្រៀនផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ការលើកទឹកចិត្ដគ្រូ នៅក្នុងសាលានីមួយៗ ខ្ញុំគិតថា មិនចាំបាច់ចាំក្រុមការងារ ឬមួយការវាយតម្លៃរបស់ក្រសួងទេ, ការលើកទឹកចិត្ដផ្ទៃក្នុង នៅក្នុងស្រុកនីមួយៗ ក៏អាចធ្វើ នៅក្នុងឃុំនីមួយៗ ក៏អាចធ្វើ នៅក្នុងខេត្ដនីមួយៗ ក៏អាចធ្វើការច្នៃប្រឌិត ព្រោះថា មានមន្ទីរ ហើយខ្ញុំឃើញខេត្ដច្រើន ក៏បានធ្វើរួចទៅហើយ»។
ចំពោះការប្រឡងប្រចាំឆ្នាំ, សាលាគំរូ និងគ្រូគំរូ, សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ដលើកទឹកចិត្ដ គាំទ្រឱ្យធ្វើជាប់ជាប្រចាំ ហើយត្រូវពង្រីកវិសាលភាពតាមលទ្ធភាពដែលអាចធ្វើទៅបាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សាលានីមួយៗ មានភាពជាម្ចាស់ការ, សាលាខ្លះឃើញមានការច្នៃ, សាលាខ្លះដាក់ឱ្យមានការប្រកួតប្រជែងគ្នា, សាលាខ្លះមានរង្វាន់នៅពេលបានទិន្ទេស A ជាដើម ។ល។ ៕
ដោយ ៖ សិលា