ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីនឹងស័ង្កសី បណ្តាលឱ្យឆក់មនុស្សបីនាក់ស្លាប់ភ្លាមៗ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសចំណាស់ជាជីតានិងជីដូនព្រមទាំងចៅតូច សរុបបីនាក់បានស្លាប់ភ្លាមៗនៅក្នុងបន្ទប់ទឹក ខណៈដែលឆ្លងចរន្តភ្លើងកកិតដំបូលស័ង្កសី បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលបានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារចរន្តអគ្គិសនីឆក់នោះ ទី០១.ឈ្មោះ ឡា ណែន ភេទប្រុសអាយុ៥១ឆ្នាំត្រូវជាជីតា, ទី០២.ឈ្មោះ និន សុន ភេទស្រីអាយុ៤៧ឆ្នាំត្រូវជាជីដូននិងទី០៣. ឈ្មោះ ណែន ខេមម៉ា ភេទស្រីអាយុ៦ខែ អ្នកទាំងបីនាក់ រស់នៅក្នុងភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលបានបន្តទៀតថា មូលហេតុដំបូងយាយយកចៅស្រីទៅមុជទឹកឲ្យក្នុងបន្ទប់ ស្រាប់ឆ្លងចរន្តអគ្គិសនីឆក់ជីដូននឹងចៅ ពេលនោះជួនជាជនរងគ្រោះត្រូវជាជីតាបានឃើញក៏រត់ចូលទៅជួយ តែជាអកុសល្យឆក់ស្លាប់ទាំងជីតាម្នាក់ទៀតតែម្តងទៅដោយសារខ្សែភ្លើងរលាត់កកិតជាមួយស័ង្កសី ជញ្ជាំងបន្ទប់ទឹក។

មន្ត្រីនគរបាលក្រុងច្បារមនបញ្ជាក់ថា សពជនរងគ្រោះត្រូវបានមន្ត្រីនគរបាលជំនាញបច្ចេកទេសពិនិត្យដោយ មានការចូលរួមពីអាជ្ញាធរភូមិ-សង្កាត់ដោយទទួល ស្គាល់ថា ជនរងគ្រោះពិតជាស្លាប់ដោយចរន្តអគ្គិសនីឆក់ពិតប្រាកដមែននិងបាលប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ សូរិយា


ចែករំលែក៖