ព័ត៌មានទាន់ហេតុការណ៍៖

លួចទូរស័ព្ទដៃគេបានភ្លាម ត្រូវម្ចាស់តាមទាន់ភ្លែត តែមិនប្រគល់ឱ្យវិញ ត្រូវជនរងគ្រោះប្ដឹងសមត្ថកិច្ចចាប់ឃាត់វាយខ្នោះ

ចែករំលែក៖

ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាល គុស នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ធ្វេីការឃាត់ខ្លួននៅ វេលាម៉ោង ១០និង ៣០នាទីព្រឹក ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីជនសង្ស័យរូបនេះបានធ្វេីសកម្មភាពលួចទូរស័ព្ទដៃពីលោកយាយម្នាក់ដល់ក្នុងផ្ទះ ស្ថិតក្នុងភូមិតាលាក់ខាងជេីង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីវេលាម៉ោង ១៧ និង០០នាទី ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញ ។ 

សមត្ថកិច្ចបានបញ្ចាក់ថា នៅថ្ងៃព្រហស្បតិ៍ ១៣ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៧ និង ០០ នាទី មានករណីអំពេីលួចបង្កឡេីងដោយជនសង្ស័យ ឈ្មោះ ប៉ក តុលា ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិតាលាក់ខាងជេីង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ បានធ្វេីសកម្មភាពចូលលួចទូរស័ព្ទម៉ាក Vivo ពណ៌ខៀវ នៅក្នុងផ្ទះរបស់ឈ្មោះ ហង់ ប៉ុន ភេទស្រី អាយុ ៧៤ ឆ្នាំ រស់នៅភូមិតាលាក់ខាងជេីង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ខណៈដែលម្ចាស់កំពុងតែលាងចាននៅខាងក្រោយផ្ទះ និងបានទុកទូរស័ព្ទបញ្ចូលថ្មចោលនៅខាងមុខ ពេលដែលធ្វេីសកម្មភាពនោះត្រូវបានម្ចាស់មកទាន់រួចក៏បានសុំទូរស័ព្ទវិញ ប៉ុន្តែជនសង្ស័យមិនបានអោយនោះទេ ហេីយបានស្រែកសម្លុតទៅលេីម្ចាស់ផ្ទះ រួចក៏បានគេចខ្លួនបាត់ទៅ ។

បន្ទាប់ពីទទួលបានបណ្ដឹងពីជនរងគ្រោះ និងដោយមានបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោស្នងការខេត្ត ព្រមទាំងការដឹកនាំសម្របសម្រួលនីតិវិធីដោយលោក លីម ហ៊ន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ ទេីបនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១០ និង ៣០ នាទី សមត្ថកិច្ចបានចុះធ្វេីការឃាត់ខ្លួនជនសង្ស័យឈ្មោះ ប៉ក តុលា រួមនឹងវត្ថុតាងមកធ្វេីការសាកសួរ ។ 

ក្រោយពេលសាកសួរ ជនសង្ស័យបានឆ្លេីយសារភាពថា ខ្លួនគេពិតជាបានយកទូរស័ព្ទរបស់ឈ្មោះ ហង់ ប៉ុន ពិតប្រាកដមែន ។ បច្ចុប្បន្ននេះសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ចូនជនសង្ស័យខាងលេីទៅតុលាការចាត់ការតាមច្បាប់ ។ ចំណែកវត្ថុតាងទូរស័ព្ទVivo ពណ៌ខៀវ ត្រូវបានសមត្ថកិច្ចប្រគល់ជូនម្ចាស់ដេីមវិញ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖