ភ្នំពេញ ៖ ក្រុមយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ និងបណ្តុំអង្គការសមាគមសង្គមស៊ីវិល ប្រកាសធ្វើសន្និសីទសារព័ត៌មាន ស្តីពី៖ «លាតត្រដាងអាថ៌កំបាំងវាំងននខ្មៅនៅពីក្រោយក្រុមចលនាយុវជនខុសច្បាប់មាតាធម្មជាតិ»៖ ព្រឹកថ្ងៃអាទិត្យ ទី៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៩:៣០នាទី – ១០:៣០នាទី ព្រឹក នៅ ទីស្នាក់ការយុវជនសង្គមស៊ីវិល ផ្ទះលេខ ២១-២៣ ក្រុម០៣ សង្កាត់អូឡាំពិក ខណ្ណបឹងកេងកង រាជធានីភ្នំពេញ។
ហេតុការណ៍នេះ បានធ្វើឲ្យយើងខ្ញុំក្នុងនាមជាយុវជនខ្មែរ ពិតជាមានការភ្ញាក់ផ្អើល និងមានក្តីអាណិតអាសូរជាពន់ពេក ចំពោះយុវជនជំនាន់ក្រោយដែលចាញ់កលជនបរទេស ប៉ុន្តែច្បាប់ គឺជាច្បាប់ បុគ្គលណាសាង បុគ្គលនោះទទួល។
ផ្ទុយមកវិញនៅក្រោយពីវាំងននខ្មៅនៃសកម្មភាពក្រុមយុវជនធ្វើចលនាជ្រុលនិយមទាំងនេះ គឺមានដើមចមអ្នកនៅពី ក្រោយ ដោយពួកគេបានប្រើនូវមនោគមវិជ្ជាខ្មៅកខ្វក់ជ្រុលនិយមចំពោះយុវជនខ្មែរ ឱ្យងប់លង់ជាមួយពួកគេ។ ដូច្នេះដើម្បី លាតត្រដាង និងបង្ហាញការពិតឱ្យកាន់តែច្បាស់ សូមជម្រាបជូនសាធារណៈជន ពិសេសអ្នកសារព័ត៌មានជាតិ-អន្តរជាតិ មេត្តា ជ្រាបថា យើងខ្ញុំនឹងធ្វើសន្និសីទសារព័ត៌មានស្តីពី៖ «លាតត្រដាងអាថ៌កំបាំងវាំងននខ្មៅនៅពីក្រោយក្រុមចលនាយុវជនខុស ច្បាប់មាតាធម្មជាតិ»។ អស្រ័យដូចបានគោរពជូនខាងលើ សូមអញ្ជើញអ្នកសារព័ត៌មានជាតិ-អន្តរជាតិចូលរួមការមកផ្តិតយក ព័ត៌មានបកស្រាយការពិតនេះ ដើម្បីផ្សព្វផ្សាយជូនដល់ សាធារណៈជន ឱ្យបានយល់ច្បាស់អំពីនយោបាយខ្មៅកខ្វក់ ក៏ដូចជា ចូលរួមទប់ស្កាត់ និងបង្ការកុំឲ្យកើតមានសកម្មភាពជ្រុលនិយមតទៅមុខទៀត។
កាលបរិច្ឆេទ៖ ព្រឹកថ្ងៃអាទិត្យ ទី៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៩:៣០នាទី – ១០:៣០នាទី ទីកន្លែង៖ទីស្នាក់ការយុវជនសង្គមស៊ីវិល ផ្ទះលេខ ២១-២៣ ក្រុម០៣ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ លេខទូរស័ព្ទទំនាក់ទំនង៖ ០៩៣ ៩២០ ៨០៨, ០៧០ ៦៣៦ ០៧៣ (Telegram, Cool App)៕
ដោយ ៖ សិលា