ភ្នំពេញ៖ នារសៀលថ្ងៃសៅរ៍ ១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនិងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ ២០២៤នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល អញ្ជើញជាអធិបតីក្នុងពិធី បិទវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត២ ជំនាន់ទី១១ និងប្រគល់វិញ្ញាបនប័ត្រដល់ជូនសិក្ខាកាមចូលរួមមចំនួនសរុប ១៣២នាក់ ស្រី២៥នាក់ ដែលបានឆ្លងវគ្គអប់រំនយោបាយក្នុងរយះពេល ៦ថ្ងៃ នៅវិមាន៧មករា។
លោក តាក ស៊ុនអ៊ី ប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាល បានមានប្រសាសន៍ថា សិក្ខាកាមលើកកម្ពស់បាននូវការយល់ដឹងដោយមានមូលដ្ឋានត្រឹមត្រូវអំពីប្រវត្តិ ស្នាដៃ និងមេរៀនពិសោធន៍មួយចំនួននៃការដឹកនាំ អំពីគោលការណ៍កសាងពង្រឹងគណបក្ស ក៏ដូចអំពីសភាពការណ៍ទូទៅរបស់ប្រទេស ជាតិ និងបណ្តាភារកិច្ចសំខាន់ៗក្នុងដំណាក់កាលបច្ចុប្បន្ន ព្រមទាំងគោលនយោបាយក្នុងវិស័យនានា ជាអាទិ៍ គោលនយោបាយក្នុងវិស័យច្បាប់ វិស័យមុខងារសាធារណៈ វិស័យសេដ្ឋកិច្ច និងវិស័យការបរទេស ។
ទន្ទឹមនោះ វគ្គសិក្សាក៏បានពង្រីកការយល់ដឹងអំពីទ្រឹស្តីនៃការត្រិះរិះពិចារណា ដែលផ្អែកលើមូលដ្ឋានទស្សនវិជ្ជាសម្ភារនិយមវិចារវិទ្យា ។ តាមរយៈការយល់ដឹងទាំងនេះ នឹងជួយឲ្យសិក្ខាកាមបង្កើនបាននូវសមត្ថភាពក្នុងការ ចូលរួមការងារកសាងពង្រឹងគណបក្សនៅថ្នាក់របស់ខ្លួន ក៏ដូចការអនុវត្តភារកិច្ចរបស់ក្រសួងស្ថាប័នអង្គភាពនិងមូលដ្ឋានរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពឡើង ។
ជាមួយនឹងការវាយតម្លៃជាវិជ្ជមាន និងសារៈសំខាន់នៃវគ្គអប់រំនយោបាយកម្រិត២ នេះ សិក្ខាកាមលើកឡើងជាសំណូមពរ សូមឲ្យគណបក្សបន្តបើកវគ្គដូច្នេះបន្តទៀតដល់មន្រ្តីគណបក្សឲ្យបានទូលំទូលាយ ជាពិសេសមន្រ្តីវ័យក្មេងឲ្យកាន់តែមានមូលដ្ឋានចំណេះដឹងថ្មីៗ និងស៊ី ជម្រៅ ដើម្បីអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាព ។ ម្យ៉ាងទៀត តាមរយៈវគ្គសិក្សានេះ ក៏បានបង្ហាញផងដែរអំពីលក្ខណសម្បត្តិល្អប្រពៃរបស់ជួរមន្រ្តីគណបក្ស ទាំងខាងស្មារតីទទួលខុសត្រូវ ចំណេះដឹង បទពិសោធន៍ការងារ និងសីលធម៌ ។ ប្រការទាំងនេះ បានឆ្លើយតប ទៅនឹងសំណូមពរនៃការកសាងកម្លាំងបន្តវេនរបស់គណបក្សសម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត ។
ជាចុងក្រោយលោក តាក ស៊ុនអ៊ី គោរពថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅ សម្តេចវិបុលសេនាភក្តី អនុប្រធានគណបក្ស ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មា ធិការកណ្តាល ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១១ នាឱកាសនេះ សូមថ្លែងអំណរ គុណចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ ជាប្រធាន-អនុប្រធានបណ្តា ស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល និងសូមគោរពជូនពរសម្តេចគណៈអធិបតី ឯកឧត្តមជាភ្ញៀវកិត្តិយស និងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាសិក្ខាកាមទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ និងសម្រេចបានជោគជ័យគ្រប់ប្រការ ៕
ដោយ៖ សូរិយា