ខេត្តតាកែវ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តតាកែវ នៅល្ងាចថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤នេះ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជូនសំណុំរឿងពាក់ព័ន្ឋករណីក្មេងទំនើងនឹងដែលបានធ្វើសកម្មភាពជិះម៉ូតូចំនួន ០១គ្រឿង ប្រដាប់ដោយដាវ ប្រវែង៥៧សង់ទីម៉ែត្រ ចំនួន ១ដើម នៅចំណុចស្ពានហូរឈាម ស្ថិតក្នុងភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ឈ្មោះ អ៊ុន ហុងឌី ភេទប្រុស អាយុ២៣ឆ្នាំ និងឈ្មោះ ចន វ៉ាន់ ភេទប្រុស អាយុ២០ឆ្នាំ។
ក្រោយពីបានសួរចម្លើយជនសង្ស័យ និងពិនិត្យភស្តុតាងនានាក្នុងសំណុំរឿងនេះ តំណាងអយ្យការអម សាលាដំបូងខេត្តតាកែវ បានសម្រេចចោទប្រកាន់ជនសង្ស័យឈ្មោះ អ៊ុន ហុងឌី និងឈ្មោះ ចន វ៉ាន់ ពីបទ៖ កាន់ កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចស្ពានហូរឈាម ស្ថិតក្នុងភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា៤៩០នៃក្រមព្រហ្មទណ្ឌ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ៕
ដោយ៖ តារា