ខេត្តកំពង់ធំ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង ព្រមទាំងអ្នកឧកញ៉ា អ៉ឹង ស៊ីស្រ៊ន និងពុទ្ធបរិស័ទ បានមូលមតិគ្នាប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅ៣៨វត្ត ក្នុងនោះ ស្រុកស្ទោង ចំនួន២៥វត្ត និងខេត្តកំពង់ធំចំនួន១៣វត្ត។
ពិធីត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលសាសនា វប្បធម៌ ទេសចរណ៍ ព្រះវិហារសំពៅ ត្រៃលោក ត្រៃលក្ខណ៍ ស្ថិតក្នុងភូមិកាល់មេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃអាទិត្យ ២កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤។
នៅក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ធំ អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង និងលោកស្រី អ្នកឧកញ៉ា ឧកញ៉ា ឯកឧត្តម លោក លោកស្រី មន្ត្រីរាជាការជុំវិញខេត្ត និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។
តាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនារបស់ខ្មែរយេីង ព្រះសង្ឃគ្រប់ព្រះអង្គគ្រប់វត្តអារាមក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សា អស់ថេរវេលា៣ខែ ចាប់តាំងពីថ្ងៃ ១រោច ខែអាសាឍតទៅ។ ពាក្យថា «វស្សា» មកពីពាក្យបាលីថា «វស្ស» ប្រែថា «ភ្លៀង» ឬ «រដូវភ្លៀង» ដែលមានកំណត់៤ខែ (រាប់ពីថ្ងៃ១រោច ខែអាសាឍ ដល់ ១៥កើត ខែកត្តិក)។ ព្រះបរមសាស្រ្តាយើងទ្រង់បានបញ្ញត្តិឲ្យមានកិច្ចចូលព្រះវស្សានេះ ប៉ុន្តែសព្វថ្ងៃនៅប្រទេសកម្ពុជាការចូលព្រះវស្សាមានកំណត់ត្រឹមតែ៣ខែទេ (រាប់ពីថ្ងៃ ១រោច ខែអាសាឍ ដល់ ១៥កើត ខែអស្សុជ)។
ពិធីបុណ្យនេះដែរ ក៏មានជួបជុំពុទ្ធបរិស័ទនមស្ការព្រះរតនត្រ័យ និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមហាកុសលផលបុណ្យជូនដល់ញាតកាទាំង៧សន្តាន និងបុព្វការីជនដែលបានចែកឋានទៅកាន់បរមលោកខាងមុខ មកទទួលយកផល្លាអានិសង្សដែលកើតចេញអំពីបុណ្យក្នុងថ្ងៃនេះ តាមបែបប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ៕
ដោយ ៖ សិលា