ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តរតនគិរី ស្ដីពីការចោទប្រកាន់ជនសង្ស័យជាក្មេងទំនើងចំនួន ១៣នាក់ និងបក្ខពួក ពាក់ព័ន្ធនឹងករណីធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្តរតនគិរី ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពីការចោទប្រកាន់ជនសង្ស័យជាក្មេងទំនើងចំនួន ១៣នាក់ និងបក្ខពួក ពាក់ព័ន្ធនឹងករណីធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តរតនគិរី មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា៖ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ អធិការដ្ឋាននគរបាលក្រុងបានលុង នៃស្នងការដ្ឋាននគរបាល ខេត្តរតនគិរី បានបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន០២ក្រុម ដែលក្មេងទំនើងក្រុម TL (ធូលីប) បានធ្វើសកម្មភាពយកកាំបិតផ្គាក់ដេញកាប់ទៅលើក្មេងទំនើងក្រុម KSL (កែងសាលា) បណ្តាលឱ្យខូចខាតម៉ូតូ ០១គ្រឿង ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនជនល្មើសចំនួន ១០នាក់។

ឆ្លងកាត់តាមការស៊ើបអង្កេត ពិនិត្យភស្តុតាង និងផ្ទៀងផ្ទាត់ចម្លើយរបស់ជនល្មើសរួចមក តំណាងអយ្យការ បានសម្រេចបើកការស៊ើបសួរលើអង្គហេតុ និងបុគ្គល៖

១. ឈ្មោះ ចាន់ ធាង ភេទប្រុស អាយុ១៨ឆ្នាំ ២.ឈ្មោះ សើ ចាន់រៈ ភេទប្រុស អាយុ១៧ឆ្នាំ ៣. ឈ្មោះ ចំរើន សំណាង ភេទប្រុស អាយុ១៩ឆ្នាំ ៤. ឈ្មោះ ស៊ី រតនៈ ភេទ ប្រុស អាយុ១៦ឆ្នាំ ៥. ឈ្មោះ ស៊ុម ផារ៉ា ភេទប្រុស អាយុ១៥ឆ្នាំ ៦.ឈ្មោះ ធឿង ឌៀវ ភេទប្រុស អាយុ១៥ឆ្នាំ ៧. ឈ្មោះ នឿង ភារម្យ ភេទប្រុស អាយុ១៨ឆ្នាំ ៨.ឈ្មោះ ហួន គឹមលីន ភេទប្រុស អាយុ១៥ឆ្នាំ ៩. ឈ្មោះ រ៉ុង សុដា ភេទប្រុស អាយុ១៤ឆ្នាំ ១០.ឈ្មោះ ចាន់ សំណាង ភេទប្រុស អាយុ១៦ឆ្នាំ ១១.ឈ្មោះ រ៉ុង សុខសិលា ភេទប្រុស ១២.ឈ្មោះ ឯកត្តៈ នីន ភេទប្រុស ១៣.ឈ្មោះ មាក់ និង ១៤. បក្ខពួក តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ២០៥ អ.យ.ច ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ ពីបទ៖ ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ ទោស (ដោយមានមនុស្សច្រើននាក់) និង សមគំនិតក្នុងអំពើធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ដោយមានមនុស្សច្រើននាក់) ប្រព្រឹត្តនៅចំណុចភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ បទល្មើសមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២៩ និង មាត្រា ៤១១ ចំណុចទី១ នៃក្រមព្រហ្មទណ្ឌ។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ៕

ដោយ ៖ សិលា


ចែករំលែក៖